ខ្សែបម្រើអាល្លឺម៉ង់ Ilkay Gundogan បានបង្ហាញខ្លួនផ្លូវការនៅចំពោះមុខអ្នកសារព័ត៌មាន ជាកីឡាកររបស់ក្លិប អេស្ប៉ាញ FC Barcelona។
កីឡាករជម្រើសជាតិអាល្លឺម៉ង់វ័យ ៣២ ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅទីលានហ្វឹកហាត់របស់ក្លិបនៅថ្ងៃចន្ទម្សិលមិញក្រោយចុះហត្ថលេខា ២ ឆ្នាំ បន្ទាប់ពីចាកចេញពី Manchester City។

នៅពេលត្រូវបានអ្នកសារព័ត៌មានសួរពីមូលហេតុនៃការផ្លាស់មកកាន់ Barcelona, Ilkay Gundogan បានឱ្យដឹងថា ការសម្រេចមកកាន់ទីនេះគឺជាការសម្រេចមិនពិបាកឡើយ នៅទីនេះមានកីឡាករដែលលេងតួនាទីដូចរូបគេច្រើនដែលមានទេពកោសលដូចជា Gavi, Pedri និង Luuk de Jong ជាដើម ហើយសង្ឃឹមថាគេនឹងអាចយកបទពិសោធក្រាសក្រែលរបស់ខ្លួនដើម្បីចែករំលែងដល់ពួកគេ។
ក្រោមការដឹកនាំរបស់ Pep Guardiola នៅ Manchester City, Gundogan រំពឹងថាការមកកាន់ Barcelona នឹងអាចសម្របខ្លួនដោយងាយតាមរយៈរបៀបលេងក្រោមការដឹកនាំរបស់អ្នកចាត់ការ Xavi Hernandez ដែលធ្លាប់រួមការយ៉ាងជិតស្និតជាមួយ Pep Guardiola។
រំលឹកថាខ្សែបម្រើជាម្រើសជាតិអាល្លឺម៉ង់រូបនេះ បានផ្លាស់មកកាន់ Manchester City នៅឆ្នាំ ២០១៦ ក្នុងផ្ទេរ ២០ លានផោនពី Borussia Dortmund និងបានបង្ហាញខ្លួនមកទល់ពេលនេះសរុប ៣០៤ ប្រកួតរកបាន ៦០ គ្រាប់ ជាពិសេសគឺរដូវកាលចុងក្រោយដែលគេបង្ហាញខ្លួន ៥១ ប្រកួតរកបាន ១១ គ្រាប់ជួយ Manchester City ឈ្នះពានបីក្នុងមួយរដូវកាលរួមមាន English Premier League, FA Cup និង UEFA Champions League៕ អត្ថបទ៖ នាង សុភាវុធ
