ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានផ្ដាំទៅទណ្ឌិត សម រង្ស៊ី ដែលជាអ្នកទោសរត់ទៅក្រៅប្រទេស ក៏ដូចជាបក្សពួកទាំងក្នុង និងក្រៅប្រទេស អោយបញ្ឈប់រាល់សកម្មភាពដែលខ្លួនកំពុងធ្វើក្នុងគោលដៅបំផ្លាញកម្ពុជា។
ការផ្ញើសារផ្ដាំនេះធ្វើឡើងស្របពេលដែលទណ្ឌិត សម រង្ស៊ី និងបក្សពួក ព្យាយាមឃោសនាអោយប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៧។
ការផ្សព្វផ្សាយ ការឃោសនា ពីយុទ្ធនាការបំផ្លាញសន្លឹកឆ្នោតរបស់ទណ្ឌិត សម រង្ស៊ី រស់នៅគេចខ្លួនក្រៅប្រទេស និងបក្សពួកទាំងអស់ដែលរស់នៅកម្ពុជា និងក្រៅប្រទេសផងដែរនោះ ត្រូវបានមហាជន មើលឃើញថាជាអំពើទុច្ចរិត មានបំណងបង្កភាពចលាចល និងបំផ្លាញកម្ពុជា។
ប្រជាពលរដ្ឋបានបង្ហាញការស្អប់ខ្ពើមទៅលើសកម្មភាពនេះជាខ្លាំង នៅពេលដែលឃើញថា ក្រុមទុច្ចរិតទាំងនោះកំពុងព្យាយាមបំផុសបំផុល តាមបណ្ដាញសង្គមអោយពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។
ជាការឆ្លើយតបទៅនឹងការបំផុសបំផុលទុច្ចរិតនេះ ប្រជាពលរដ្ឋបានផ្ដាំផ្ញើទៅវិញថា ប្រជាជនកម្ពុជាបច្ចុប្បន្នពិតជារស់នៅបានដោយក្ដីសុខសាន្ត មើលឃើញពីការរីកចំរើនជាបន្តបន្ទាប់ឥតឈប់ឈរ។ ពួកគេរស់នៅកម្ពុជាផ្ទាល់ ពួកគេមើលឃើញពីអ្វីដែលកើតឡើងពិតប្រាកដនៅកម្ពុជា ដែលផ្ទុយពីការចោទប្រកាន់របស់ក្រុមរស់នៅបរទេសទាំងនោះ។
ពួកគេក៏បានផ្ដាំទៅក្រុមទុច្ចរិតទាំងនោះ មេត្តាបញ្ឈប់សកម្មភាពស្មោកគ្រោកដែលចង់បំផ្លាញកម្ពុជាទៀតទៅ។
កម្ពុជាកំឡុងពេលនេះជាពេលវេលាឃោសនាបោះឆ្នោតសម្រាប់គណបក្សទាំង១៨ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៧។ ការឃោសនាផ្សព្វផ្សាយគោលនយោបាយរកសន្លឹកឆ្នោត នឹងបញ្ចប់នៅថ្ងៃទី ២១ កក្កដា រីឯថ្ងៃទី ២៣ កក្កដា ជាថ្ងៃបោះឆ្នោត៕អត្ថបទ៖ គឹមហុក