កូរ៉េខាងត្បូង៖ កាលពីមួយឆ្នាំមុន ប្រទេសកូរ៉េខាងត្បូងបានប្ដេជ្ញាបង្កើនការត្រៀមខ្លួន ដើម្បីទប់ទល់ជាមួយស្ថានភាពអាកាសធាតុធ្ងន់ធ្ងរដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែត្រឹមតែមួយសប្តាហ៍កន្លងទៅ មនុស្សរាប់សិបនាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ដ៏ជោគជាំដែលបានវាយប្រហារមកលើប្រទេស ហើយហេតុការណ៍នោះកំពុងធ្វើឲ្យមានការសង្ស័យថា តើការត្រៀមខ្លួនរបស់កូរ៉េខាងត្បូង មានកម្រិតណា ខណៈការគំរាមកំហែងពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត កំពុងលេចឡើងកាន់តែខ្លាំង។

ពាក់ព័ន្ធនឹងការត្រៀមខ្លួននេះ អ្នកជំនាញនិយាយថា មិនទាន់គ្រប់គ្រាន់ទេ ដោយអ្នកជំនាញខ្លះ លើកឡើងថា ការចំណាយផ្តោតតែលើការស្តារឡើងវិញ តែមិនមែនជាការការពារទុកមុននោះទេ។ សាស្ត្រាចារ្យផ្នែកវិស្វកម្មនៅសាកលវិទ្យាល័យ Induk ក្នុងទីក្រុងសេអ៊ូល លោក Jeong Chang-sam ដែលមានជំនាញផ្នែកធនធានទឹក និយាយថា ការការពារមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយការខូចខាត និងការបាត់បង់អាយុជីវិត ប៉ុន្តែជារឿយៗ សកម្មភាពបែបនេះត្រូវបានមើលរំលង ពីព្រោះវាមិនទទួលបានផលជាក់ស្តែងភ្លាមៗ សម្រាប់អ្នកនយោបាយ និងអ្នកនៅក្នុងជួររដ្ឋាភិបាល។
លោក Chang-sam បាននិយាយថា៖ «មនុស្សចូលចិត្តប្រើការបញ្ចេញមតិ ដូចជាការឆ្លើយតបរហ័ស ការសង្គ្រោះបន្ទាន់ជាដើម។ ទាំងអស់នោះមិនត្រូវទេ។ គ្រោះមហន្តរាយអាកាសធាតុ កំពុងកើតមានរួចហើយ ដូច្នេះ ឥឡូវនេះ ប្រសិនបើយើងបញ្ចូលប្រាក់ទៅក្នុងគម្រោងការពារ យើងអាចសម្រេចវាបាន ដោយចំណាយពាក់កណ្តាលនៃប្រាក់សម្រាប់គម្រោងស្តារឡើងវិញ»។
មិនមែនទឹកជំនន់តែម្យ៉ាងដែលបង្កហានិភ័យនោះទេ តែប្រទេសកូរ៉េខាងត្បូង គឺជាតំបន់ភ្នំ ហើយការអភិវឌ្ឍទីក្រុង បានធ្វើឲ្យតំបន់ជាច្រើនងាយរងគ្រោះដោយសារបំណាក់ដី ដោយទាំងអស់នោះហើយដែលជាបញ្ហាប្រឈម ខណៈដែលការត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងអាកាសធាតុធ្ងន់ធ្ងរ មានល្បឿនយឺតនៅឡើយ៕


