ក្រិក៖ ចំហេះព្រៃដែលរាលដាលកាន់តែខ្លាំងឡើងៗដោយសារកម្លាំងខ្យល់បក់ បានឆាបឆេះយ៉ាងសន្ធោរសន្ធៅពេញទីក្រុងឆ្នេរសមុទ្រក្បែរទីក្រុងអាតែន (Athens) កាលពីថ្ងៃចន្ទ (ទី១៧ កក្កដា) រហូតបង្ខំឲ្យអ្នកស្រុកចាកចេញពីគេហដ្ឋានរបស់ពួកគេ និងជំរុញឲ្យមានការជម្លៀសកុមាររាប់រយនាក់ចេញពីជំរំរដូវក្តៅ។

មន្ត្រីសេវាពន្លត់អគ្គិភ័យប្រទេសក្រិក បាននិយាយថា អគ្គិភ័យដែលបានឆាបឆេះ នៅក្នុងភូមិ Kouvaras ដែលមានចម្ងាយប្រហែល ២៧គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃរដ្ឋធានីរបស់ប្រទេសក្រិក បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំងខុសប្រក្រតី។ សាក្សីម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ផ្ទះយ៉ាងហោចណាស់ ៥ខ្នង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរជាងគេ ពេលភ្លើងចាប់ផ្ដើមឆាបឆេះតំបន់លំនៅឋានមាត់សមុទ្រ Lagonisi ដែលជារមណីយដ្ឋានរដូវក្តៅដ៏ពេញនិយមមួយ។
នគរបាលបានជួយជម្លៀសពលរដ្ឋជាង ១០០នាក់ នៅតំបន់ដ៏ធំទូលាយ។ សេះរាប់សិបក្បាល ត្រូវបានជម្លៀសចេញតាមរថយន្តដឹកទំនិញ ខណៈដែលអណ្តាតភ្លើងបានទៅដល់ក្រោលគោ នៅតំបន់ក្បែរនោះនៃ Kalyvia និង Anavyssos ។ លោក Ioannis Artopoios អ្នកនាំពាក្យសេវាពន្លត់អគ្គិភ័យក្រិក បានប្រាប់ក្នុងកិច្ចសម្ភាសន៍ខ្លីតាមទូរទស្សន៍ថា នគរបាលបានឃាត់ខ្លួនមនុស្សម្នាក់ដែលសង្ស័យថាជាអ្នកបង្កឲ្យមានអគ្គិភ័យនេះឡើង។
នាពេលនេះ អ្នកពន្លត់អគ្គិភ័យចំនួនជាង ២០០នាក់ ដែលទទួលបានជំនួយគាំទ្រពីទាហាន ២០នាក់ រថយន្តពន្លត់អគ្គីភ័យ ៦៨គ្រឿង យន្តហោះ ១០គ្រឿង និងឧទ្ធម្ភាគចក្រ ១០គ្រឿង កំពុងប្រឹងប្រយុទ្ធនឹងអណ្តាតភ្លើងដែលកំពុងឆេះយ៉ាងសន្ធោរសន្ធៅនេះ។

អាជ្ញាធរប្រទេសក្រិកបាននិយាយថា ពួកគេកំពុងតទល់នឹងភ្លើងឆេះសរុបចំនួន ៨១កន្លែង នៅទូទាំងប្រទេស កាលពីថ្ងៃចន្ទ ដោយសមរភូមិធំជាងគេបំផុត គឺនៅក្បែរទីក្រុងអាតែនប ហើយកំពុងត្រៀមទប់ទល់នឹងការឆេះបន្ថែមទៀត នៅថ្ងៃអង្គារនេះ ដោយសារតែសីតុណ្ហភាពឡើងក្ដៅ និងខ្យល់បក់ខ្លាំង៕
