ប៉ាឡេស្ទីន៖ ប្រជាជនប៉ាឡេស្ទីន នៅទីក្រុងចេនីន (Jenin) បាននាំគ្នាដើរតវ៉ាតាមផ្លូវ កាលពីថ្ងៃចន្ទ (ទី១៧ ខែកក្កដា) បន្ទាប់ពីមានការចាប់ខ្លួនសមាជិកក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត ៥នាក់ ពីសំណាក់កងកម្លាំងប៉ាឡេស្ទីន។
កាលពីព្រឹកថ្ងៃចន្ទ ក្រុមអ៊ីស្លាមជីហាត បាននិយាយថា កងកម្លាំងសន្តិសុខប៉ាឡេស្ទីន បានឃុំខ្លួនសមាជិករបស់ពួកគេចំនួន ៥នាក់ ក្នុងទីក្រុងមួយយប់ ដោយការធ្វើបែបនេះគូសបញ្ជាក់ពីការប្រេះឆា រវាងក្រុម នៅតំបន់វ៉េសប៊ែង (West Bank) ពោលគឺមានរយៈពេលពីរសប្តាហ៍ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយឆ្មក់ដ៏ធំបំផុតរបស់ខ្លួន នៅទីនោះ ក្នុងរយៈពេលជាច្រើនឆ្នាំ។

អ៊ីស្រាអែល ដែលនិយាយថា ការវាយឆ្មក់របស់ខ្លួនសំដៅទៅលើពួកសកម្មប្រយុទ្ធនោះ បានជំរុញឲ្យអាជ្ញាធរប៉ាឡេស្ទីនចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងក្រុមជីហាត និងក្រុមហាម៉ាសដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) និងដែលមានក្រុមប្រយុទ្ធ នៅតំបន់វ៉េសប៊ែងផងដែរ។
នាពេលនេះ នៅមិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលលើការចាប់ខ្លួនដែលត្រូវបានរាយការណ៍នេះ ឬពីកងកម្លាំងសន្តិសុខនៃអាជ្ញាធរប៉ាឡេស្ទីន (PA) ដែលអនុវត្តអភិបាលកិច្ចមានកម្រិត នៅផ្នែកខ្លះនៃតំបន់វ៉េសប៊ែង (West Bank) នោះទេ៕
