បាល់ទាត់៖ អ្នកចាំទីរបស់ក្រុមអេស្ប៉ាញ FC Barcelona, Marc-Andre Ter Stegen នឹងត្រូវអវត្តមានពីក្រុមជំរើសជាតិអាល្លឺម៉ង់ ក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបខែក្រោយនេះដោយត្រូវវះកាត់របួសជង្គង់។ Ter Stegen ក៏នឹងត្រូវអវត្តមានពីការប្រកួតចុងក្រោយរបស់ Barcelona រដូវកាលនេះផងដែរនៅទឹកដី Eibar។

អតីតអ្នកចាំទីក្លិបអាល្លឺម៉ង់ Monchengladbach រូបនេះក៏បានអវត្តមានពេលចាប់ផ្តើមរដូវកាល ២០២០-២១ នេះផងដែរដោយសាររបួសដូចគ្នានេះ។ អ្នកចាំទីដៃទីពីររបស់ Barcelona, Neto នឹងឡើងទទួលបន្ទុកការប្រកួតចុងសប្តាហ៍នេះ។ ក្រុមអាល្លឺម៉ង់ស្ថិតក្នុងពូល F នៅ Euro ២០២០ ដោយនឹងត្រូវជួបជាមួយបារាំងនៅថ្ងៃទី១៥ ខែមិថុនានៅទីក្រុង Munich របស់ខ្លួន មុនបន្តជួបជាមួយព័រទុយហ្កាល់នៅថ្ងៃទី១៩ និងចុងក្រោយជួបហុងគ្រីថ្ងៃទី២៣៕
អត្ថបទ៖នាង សុភាវុធ