ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អគ្គិសនីកម្ពុជា បានបង្ហាញនូវគោលជំហររឹងមាំ នៃការផ្គត់ផ្គង់ថាមពលនៅកម្ពុជា និងសូមកុំឲ្យមានការព្រួយបារម្ភ នៅលើតម្រូវការថាមពល ជាពិសេសអ្នកធ្វើធុរកិច្ច និងវិនិយោគិន ដែលមានបំណងមកបណ្តាក់ទុននៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន ថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា មកដល់បច្ចុប្បន្នមានភាពគ្រប់គ្រាន់ មិនមានការខ្វះខាតនោះឡើយ ចំណែកបញ្ហាដាច់ភ្លើងមួយចំនួន គឺមិនមែនកើតឡើងដោយសារបញ្ហាកង្វះភ្លើងនោះឡើយ គឺការកើតឡើងនៃការរំខានដូចជាការជីក គាស់ បណ្តាលឲ្យប៉ះខ្សែភ្លើងជាដើម ។
ឯកឧត្តម បន្តឲ្យដឹងថា បច្ចុប្បន្នការផ្គង់ផ្គង់អគ្គិសនីរបស់រាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបទៅនឹងតម្រូវនៃចរន្តការអភិវឌ្ឍ គ្រប់គ្រាន់ ជាពិសេសការផ្គត់ផ្គង់លើវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស និងការប្រើប្រាស់ប្រជាពលរដ្ឋជាដើម ដូច្នេះចំពោះ អ្នកធ្វើធុកិរច្ច និងវិនិយោគិន ដែលមានបំណងមកបណ្តាក់ទុនរកស៊ីទទួលទាននៅកម្ពុជា ក៏ដូចអ្នកកំពុងធ្វើការវិនិយោគនៅក្នុងស្រុក និង ប្រជាពលរដ្ឋផងដែរ ប្រសិនមានតម្រូវការលើវិស័យថាមពល សូមកុំមានការព្រួយបារម្ភណ៍នៅលើតម្រូវការថាមពល ដោយកម្ពុជាបច្ចុប្បន្ន មានអគ្គិសនីគ្រប់គ្រាន់ អាចទាក់ទងបានគ្រប់ពេលវេលា ក្នុងការភ្ជាប់បណ្តាញទៅកាន់គម្រោងអភិវឌ្ឍន៍នានា។
ឯកឧត្តម កែវ រតនៈ បានបង្ហាញនូវគោលជំហរនៃការមិនឡើងថ្លៃលើវិស័យអគ្គិសនី គឺរាជរដ្ឋាភិបាលចង់ដោះ ស្រាយជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគដែលកំពុងដំណើរការអាជីវកម្មនៅក្នុងស្រុក ។
ជាក់ស្តែងនៅក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ រួមជាមួយ សង្គ្រាម រុស្សី-អ៊ុយក្រែន រាជរដ្ឋាភិបាលបានឧបត្ថម្ភធុនជំនួសលើវិស័យអគ្គិសនី រាប់រយលានដុល្លារ ចំណែកនៅក្នុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលនិងឧបត្ថម្ភធុន ចំនួន ១៥០ លានដុល្លារអាមេរិកបន្ថែម ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ សម្រាប់ស្ថិរភាព សេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជនយើង៕អត្ថបទ៖ សុន រ៉ាឌី