ភ្នំពេញ៖ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជិត ៩ម៉ឺននាក់ នឹងចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាថ្ងៃទី២៣ កក្កដាខាងមុខ។
នៅសល់៤ថ្ងៃទៀតតែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចាប់ផ្តើមដំណើរការ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ស្របតាមការចែងក្នុងនីតិវិធី និងច្បាប់បោះឆ្នោត ដែលអនុញ្ញាតឲ្យមានការស្នើសុំចូលរួមសង្កេតការណ៍បោះឆ្នោតនោះ គិតត្រឹមថ្ងៃនេះ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមកពីជាង១០០ស្ថាប័ន ស្មើនឹងចំនួនជិត៩ម៉ឺននាក់ ខណៈចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្នុងការបោះឆ្នោតអាណត្តិនេះមានចំនួនច្រើនជាងបើធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨។
ជាមួយនឹងចំនួនកើនឡើងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ឯកឧត្តម ហង្ស ពុទ្ធា បានអំពាវនាវឲ្យអ្នកសង្កេតការណ៍ទាំងអស់បំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួនធ្វើយ៉ាងណាសំដៅឆ្លុះបញ្ចាំងការពិតនៃដំណើរការវិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ក៏ដូចជាឈរលើស្មារតីអព្យាក្រិតផងដែរ។
លើសពីនេះ ឯកឧត្តម ហង្ស ពុទ្ធា បានស្នើដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិត្រូវបំពេញកាតព្វកិច្ចប្រកបដោយភាពត្រឹមត្រូវទៅតាមច្បាប់ ព្រមទាំងផ្តល់កិច្ចសហការឲ្យបានល្អជាមួយមន្រ្តីបោះឆ្នោត។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ កក្កដា ដែលប្រជាពលរដ្ឋមានឈ្នោះក្នុងបញ្ជីចូលរួមជាង៩លាន៧សែននាក់ ក្នុងទីតាំងការិយាល័យបោះឆ្នោតជាង ២ម៉ឺនការិយាល័យនៅទូទាំង២៥រាជធានី-ខេត្ត៕ អត្ថបទ សេក ឧត្តម