អាស៊ី៖អាស៊ីដែលជាទ្វីបធំបំផុត និងមានប្រជាពលរដ្ឋច្រើនបំផុតនៅលើពិភពលោក កំពុងរងផលប៉ះពាល់ស្លាប់មនុស្សដោយសារតែអាកាសធាតុរដូវក្តៅដ៏អាក្រក់បំផុត ពេលដែលប្រទេសជាច្រើនជួបរលកកម្តៅ និងភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងនោះរដ្ឋាភិបាលបានព្រមានឲ្យប្រជាពលរដ្ឋត្រៀមខ្លួនសម្រាប់ការមកដល់វិបត្តិអាកាសធាតុធ្ងន់ធ្ងរច្រើនទៀត ។
ភ្លៀងធ្លាក់ខ្លាំងក្នុងខែនេះ បានជន់លិចតំបន់ជាច្រើននៅជប៉ុន ចិន កូរ៉េខាងត្បូង និងឥណ្ឌា ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ និងបង្កឲ្យកើតមានទឹកជំនន់ដ៏គំហក់ បំណាក់ដី និងដាច់ចរន្តអគ្គិសនី ។ 
សីតុណ្ហភាពខ្ពស់ ធ្វើឲ្យកើនឡើងជំងឺពាក់ព័ន្ធនឹងកម្តៅផងដែរ ជាពិសេសនៅក្នុងចំណោមតំបន់សហគមន៍ងាយរងគ្រោះ ដូចជាមនុស្សចាស់ជរាជាដើម ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ មនុស្សយ៉ាងហោច ១៣នាក់នៅទីក្រុងភាគកណ្តាល Cheongju របស់កូរ៉េខាងត្បូង បានស្លាប់ក្រោយទឹកហូរចេញពីច្រាំងទន្លេ បានជន់លិចផ្លូវក្រោមដី បណ្តាលឲ្យជាប់រថយន្ត ដែលរួមទាំងរថយន្តក្រុងរដ្ឋផងដែរ ។
មនុស្សយ៉ាងហោច ៤១នាក់ បានស្លាប់នៅកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយមនុស្សរាប់ម៉ឺននាក់ទៀត ត្រូវបានបង្ខំជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយនិងស្វែងរកទីជម្រកបណ្តោះអាសន្ន ស្របពេលដែលភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យប៉ះពាល់ដល់តំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេស ។
ដើម្បីឆ្លើយតបនឹងការបាត់បង់អាយុជីវិតបែបនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានអំពាវនាវកំណែទម្រង់វិធីសាស្រ្តឆ្លើយតបនឹងអាកាសធាតុដ៏អាក្រក់របស់ប្រទេសមួយនេះ ។
ដោយឡែក នៅប្រទេសជិតខាងជប៉ុន ភ្លៀងធ្លាក់ខ្លាំងបំផុតនៅតំបន់ភាគនិរតីប្រទេស បង្កឲ្យកើតមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរបណ្តាលឲ្យមនុស្សយ៉ាងហោច ៦នាក់ស្លាប់ ហើយនិងមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។ 
រលកកម្តៅ បានវាយប្រហារតំបន់មួយចំនួនរបស់ជប៉ុនផងដែរ ។ កាលពីថ្ងៃចន្ទម្សិលមិញ សីតុណ្ហភាព បាន កើនឡើងដល់ ៣៩,៧អង្សាសេ នៅទីក្រុង Kiryu ស្ថិតក្នុងខេត្ត Gunma នៃកោះ Honshu ដែលជាកោះធំបំផុត និងមានប្រជាពលរដ្ឋរស់នៅច្រើនបំផុតរបស់ជប៉ុន ។
ចំណែកឯប្រទេសឥណ្ឌាវិញ ដែលជាប្រទេសមានប្រជាពលរដ្ឋច្រើនបំផុតនៅលើពិភពលោក ស្ថិតនៅក្នុងចំណោមប្រទេសដែលត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារវិបត្តិអាកាសធាតុមួយនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ១,៤ពាន់លាននាក់នៅទូទាំងប្រទេស ៕