ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទែរើតេ (Rodrigo Duterte)ឱ្យបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីទំនាក់ទំនងទ្វេភាគី បានធ្លាក់ចុះជាមួយអ្នកស្នងតំណែងរបស់លោកឌុយតឺតេ ដែលកំពុងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន។

លោកហ្វឺឌីណានដ៍ ម៉ាកូស (Ferdinand Marcos Jr) ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីសម្រាប់រយៈពេល៦ឆ្នាំក្នុងឆ្នាំ២០២២ ដោយចូលកាន់តំណែងពីលោកឌុយតឺតេ ដែលបានប្រកាន់ជំហរគាំទ្រចិនច្រើនជាង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានដកស្រង់សម្តីលោកស៊ី បានថ្លែងក្នុងអំឡុងកិច្ចប្រជុំនៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ (ទី១៧ កក្កដា)ថា៖«ខ្ញុំសង្ឃឹមថា អ្នកនឹងបន្តដើរតួយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការមិត្តភាព(រវាងប្រទេសចិននិងហ្វីលីពីន)»។
ក្រោមការដឹកនាំរបស់លោកម៉ាកូស ទំនាក់ទំនងរវាងចិន និងហ្វីលីពីន កាន់តែតានតឹង ដោយទីក្រុងម៉ានីល បានងាកទៅរកសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន គឺសហរដ្ឋអាមេរិក៕
