រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសន្យាចាត់វិធានការប្រឆាំងនឹងអ្វីដែលលោកចាត់ទុកថាជាការវាយប្រហារភេរវកម្មកាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបនឹងការវាយប្រហារចុងក្រោយលើស្ពានក្នុងតំបន់គ្រីម៉េ ដែលទីក្រុងគីវ បានប្រកាសទទួលស្គាល់ ។
សន្តិសុខនៅលើស្ពាន Kerch ប្រវែង ១៩គ.ម ត្រូវបានបញ្ជាឲ្យរឹតបន្តឹងផងដែរ ។ នៅក្នុងជំនួបជាមួយក្រុមអាជ្ញាធរ កាលពីថ្ងៃចន្ទ លោក Putinបានបញ្ជាក់ថា ការវាយប្រហារភេរវកម្មមួយទៀតកាលពីយប់មិញ បានកើតឡើងនៅលើស្ពាន ។

លោកបន្តថា ដោយសារតែការវាយប្រហារភេរវកម្ម ផ្លូវនៅតាមគន្លងជាច្រើននៅលើស្ពាន បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ជាលទ្ធផលនៃការវាយប្រហារនេះ ការធ្វើចរាចរណ៍របស់រថយន្ត និងរថភ្លើងត្រូវបានផ្អាកបណ្តោះអាសន្ន ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បានស្នើសុំឲ្យទីភ្នាក់ងារចារកម្ម និងទីភ្នាក់ងារដ្ឋាភិបាលផ្សេងទៀត ពិនិត្យមើលហេតុការណ៍នេះ និងចាត់វិធានការឆ្លើយតបដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយុទ្ធសាស្រ្តសំខាន់ៗ ។ វាចំាបាច់ត្រូវតែវាយតម្លៃឲ្យបានល្អិតល្អន់លើការខូចខាតបណ្តាលមកពីការវាយប្រហារ និងចាប់ផ្តើមការងារស្តារឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
លោក Marat Khusnullin ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា គ្រាប់បែកគ្មានផលប៉ះពាល់ដល់ទម្រស្ពាន Kerch នោះទេ ។ ក្រុមអ្នកមុជទឹក បានបញ្ចប់ការវាយតម្លៃរបស់ពួកគេរួចហើយ ហើយការសម្រេចចិត្តថាតើនឹងអនុញ្ញាតឲ្យការធ្វើចរាចរណ៍រថយន្តឡើងវិញ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ២ម៉ោងទៀត ៕
