ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកជញ្ជូនសន្លឹកឆ្នោតជាង ១៣លានសន្លឹក ដល់មណ្ឌលបោះឆ្នោតរាជធានី-ខេត្តជាបណ្តើរៗ។
នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចាប់ផ្តើមដំណើរការ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានឲ្យដឹងថា អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកំពុងដំណើរការ គ.ជ.ប ក៏កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ព្រមគ្នា គឺការរៀបចំសន្លឹកឆ្នោត ដើម្បីដឹកជញ្ជូនទៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតសម្រាប់ត្រៀមបញ្ជូនបន្តទៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស។
ឯកឧត្តម បន្តថា មកដល់ពេលនេះ សន្លឹកឆ្នោត និងសម្ភារៈទាំងអស់បានដឹកជញ្ជូនដល់ឃ្លាំងតាមគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតមួយចំនួន ដូចជាកំពង់ឆ្នាំង និងព្រៃវែងជាដើម។
ឯកឧត្តម បញ្ជាក់ថា សន្លឹកឆ្នោតដែលបានដឹកជញ្ជូនដល់ឃ្លាំងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតត្រូវបានយកចិត្តទុកដាក់ និងរក្សាទុកយ៉ាងមានសុវត្ថិភាពបំផុតពីមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ មុនបញ្ជូនទៅតាមការិយាល័យបោះឆ្នោតនីមួយៗ។
ជាមួយគ្នា ពាក់ព័ន្ធនឹងចំនួនបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹកនេះ ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងថា គ.ជ.ប បានត្រៀមបម្រុងសន្លឹកឆ្នោតជាង១លានសន្លឹកក្នុងចំណោមជាង១៣លានសន្លឹកឆ្នោតនោះ ដើម្បីបង្ការក្នុងករណីសន្លឹកឆ្នោតខូច ឬមិនអាចប្រើប្រាស់បាន។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងមានការិយាល័យបោះឆ្នោតជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ខណៈប្រជាពលរដ្ឋនឹងចូលរួមការបោះឆ្នោតចំនួនជាង៩លាន៧សែននាក់៕ អត្ថបទ សេក ឧត្តម