ខ្សែប្រយុទ្ធកូរ៉េ Son Heung-min បាននិយាយថា គេអាចបន្តអាជីពនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតក៏បានបើសិនជាចិត្ត ចង់ តែមិនប្រាថ្នាឡើយ គឺចង់បន្តលេងឱ្យ Tottenham Horspur ទៀត។
ការលើកឡើងបែបនេះគឺស្របពេលដែល Spurs កំពុងស្ថិតនៅទឹកដីអូស្រ្តាលីត្រៀមការប្រកួតមិត្តភាព Pre-Season ទល់នឹង West Ham។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានគេដឹងថាមានការទាក់ទងពីក្លិប Al-Ittihad ដែលបានផ្តល់សំណើអមជាមួយកិច្ចសន្យាដែលអាចទទួលបានប្រាក់ឈ្នួលច្រើនសន្ធឹក។

Al-Ittihad ដែលដឹកនាំដោយអតីតគ្រូបង្វឹក Wolves និង Spurs លោក Nuno Espirito Santo ត្រូវបានគេដឹងថាបានផ្តល់សំណើកិច្ចសន្យា ៤ ឆ្នាំដល់ Son Heung-min ជាមួយនឹងប្រាក់ឈ្នួល ៣០ លានអឺរ៉ូក្នុងមួយឆ្នាំ។
Son បានឈ្នះស្បែកជើងមាស ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅ Premier League រដូវកាល ២០២១-២២ ជាមួយនឹង ២៣ គ្រាប់ តែបញ្ហារបួស និងធ្លាក់ចុះទម្រង់លេង ធ្វើឱ្យកីឡាករកូរ៉េរូបនេះរកបានត្រឹម ១០ គ្រាប់ប៉ុណ្ណោះរដូវកាលមុន ខណៈ Spurs បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៨៕ អត្ថបទ៖នាង សុភាវុធ
