ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត គ្រីសស្តប ហប់មែន (Dr. Christoph Hoffmann) សមាជិកសភាអាល្លឺម៉ង់ និងជាអនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៅទីស្តីការក្រសួង។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣នេះ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា នៅក្នុងជំនួបនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងមូលដ្ឋានចាំបាច់សម្រាប់ការអភវិឌ្ឍប្រទេស គឺសន្តិភាព និងស្ថិរភាពសង្គម ហើយក្នុងនាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គឺស្វាគមន៍ការចូលរួមគណបក្សនយោបាយនានា និងដៃគូអភិវឌ្ឍន៍ ដើម្បីការអភិវឌ្ឍប្រទេស។ សម្រាប់ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល ដែលបានបង្កឡើងដោយក្រុមជ្រុលនិយមនៃរបប ប៉ុល ពត ឬខ្មែរក្រហម បានបង្កនូវវិនាសកម្ម និងផលប៉ះពាល់យ៉ាងខ្លាំងដល់ការអភវិឌ្ឍ ដូច្នេះយើងការពារមិនឱ្យបទពិសោធន៍ដ៏ជូរចត់នេះកើតឡើងជាថ្មីឡើយ គឺយើងត្រូវការពារសន្តិភាពទាំងអស់គ្នា។
ឯកឧត្តម បានជម្រាបជូនភ្ញៀវបន្តថា ចំពោះការអភិវឌ្ឍវិស័យកសិកម្ម គឺទាមទារការចូលរួមសហការគ្នាល្អពីគ្រប់ភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង។ ជាមួយគ្នានេះដែរ ក្រសួងបាន និងកំពុងយកចិត្តទុកដាក់លើការបង្កើតឱ្យមានអ្នកសម្របសម្រួលកសិកម្មឃុំ នៅទូទាំងប្រទេស ដើម្បីស្តាប់ពីតម្រូវការ បញ្ហារបស់កសិករ និងជួយពួកគាត់បានទាន់ពេលវេលា។ លើសពីនេះទៀត គឺការជំរុញការចងក្រងសហគមន៍កសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងបញ្ហាប្រឈមនានាលើផលិតកម្ម ខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងតម្លៃល្អ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាគម្របដី និងការទន្ទ្រានដី ដែលការងារនេះក្រសួងកំពុងយកចិត្តទុកដាក់គិតគូរ និងមានយន្តការដើម្បីដោះស្រាយឱ្យបានល្អ។ ក្រសួងបានស្នើឱ្យភាគីអាល្លឺម៉ង់ ទុកចិត្ត និងជឿជាក់កម្ពុជាលើការងារនេះ៕



