ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្ដម ហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប ប្រកាន់ភ្ជាប់នូវការអនុវត្តនីតិវិធីច្បាប់ចំពោះបុគ្គលញុះញង់ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតស្របតាមច្បាប់បោះឆ្នោតដែលបានកំណត់ ខណៈបច្ចុប្បន្ន គ.ជ.ប ទទួលបានបណ្ដឹងសរុបចំនួន ១៨ បណ្ដឹងពីគណបក្សនយោបាយ ពាក់ព័ន្ធនឹងបទញុះញង់ និងផ្សព្វផ្សាយព័ត៌មានបន្លំសភាពការណ៍បោះឆ្នោត។
ឯកឧត្ដម ហង្ស ពុទ្ធា បានថ្លែងការអំពាវនាវរបស់បុគ្គលមួយចំនួនដែលជាក្រុមប្រឆាំងនៅក្រៅប្រទេសមិនឱ្យពលរដ្ឋទៅបោះឆ្នោត ឬបំផ្លាញសន្លឹកឆ្នោត គឺមិនមានឥទ្ធិពលដល់ដំណើរការបោះឆ្នោតនៅកម្ពុជានោះទេ ខណៈការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយរយៈពេល ១៧ ថ្ងៃកន្លងមកមានដំណើរការល្អ និងគ្មានអំពើហិង្សាណាមួយកើតឡើងឡើយ។
ឯកឧត្ដមបន្តថា ការសម្តែងមតិនៅក្រៅប្រទេសពីសំណាក់ក្រុមប្រឆាំង ដែលដឹកនាំដោយបុគ្គលណាម្នាក់ដែលព្យាយាមធ្វើឱ្យប៉ះពាល់ប្រក្រតីភាពនៃដំណើរការបោះឆ្នោតនៅកម្ពុជា គឺមិនមែនជាលើកទីមួយ នោះទេ ហើយការសម្តែងមតិនេះក៏មិនបានធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃការបោះឆ្នោតនៅកម្ពុជាដែរ។
បើតាមឯកឧត្ដម ហង្ស ពុទ្ធា ការសម្តែងរបស់ក្រុមប្រឆាំងកាលពីការបោះឆ្នោតអាណត្តិមុន ក៏មិនអាចហាមឃាត់ប្រជាពលរដ្ឋជាង ៨០ ភាគរយនៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងការចេញទៅបោះឆ្នោតបានដែរ រីឯការសម្តែងមតិរបស់ក្រុមប្រឆាំងសម្រាប់អាណត្តិនេះទៀតក៏មានចំនួនតិចជាងលើកមុនដែរ។ ដូច្នេះករណីនេះមិនធ្វើឱ្យប៉ះពាល់ ឬមានឥទ្ធិពលដល់ដំណើរការបោះឆ្នោតនោះទេ។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ២១ខែកក្កដា ឆ្នាំ ២០២៣ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា