ភ្នំពេញ៖ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ និងសហការី បានបន្តចុះណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយកម្មវិធីនយោបាយ ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជាឃុំតាំងក្រសាំង ស្រុកបាធាយ ប្រមាណជាង៣០០នាក់។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី មន្ទីរពេទ្យ និងវត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩,ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។
ឯកឧត្តម បានបន្តថា សមិទ្ធផលទាំងនេះ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ព្រមទាំងបានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់ សម្តេចតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ, ព្រោះថាបើគ្មានសន្តិភាពទេនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត៕






