អាមេរិក៖ នៅថ្ងៃអង្គារនេះ ប្រេសិតពិសេសអាកាសធាតុសហរដ្ឋអាមេរិកលោក John Kerry បានជួបពិភាក្សាការងារជាមួយមន្រ្តីការទូតជាន់ខ្ពស់ចិនលោក Wang Yi ក្នុងទីក្រុងប៉េកាំង ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីប្រទេសចិនមួយនេះ ដើម្បីបង្កើតឡើងវិញនូវទំនុកចិត្តគ្នាទៅវិញទៅមក ហើយនិងចាប់ផ្តើមឡើងសន្ទុះកិច្ចប្រឹងប្រែងរួមដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ។

ថ្លែងទៅកាន់លោក Wang Yi និងប្រតិភូជាច្រើនរូបទៀតរបស់ចិនក្នុងជំនួបនៅវិមានប្រជាជន Great Hall លោក Kerry និយាយថា អាកាសធាតុគឺជាបញ្ហាសកល មិនមែនជាបញ្ហាទ្វេភាគីនោះទេ ហើយលោកបន្តថា ពិភពលោកកំពុងមើលពួកយើងសម្រាប់ការដឹកនាំ ។
ដំណើរទស្សនកិច្ចលើកទី៣របស់លោក Kerry ក្នុងនាមជាប្រេសិតពិសេសអាកាសធាតុសហរដ្ឋអាមេរិក គឺជាការសញ្ញាកំណត់ការចាប់ផ្តើមជាផ្លូវការឡើងវិញនូវវិស័យការទូតអាកាសធាតុកម្រិតកំពូលរវាងប្រទេសទាំង ២ ។
អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិករូបនេះ គឺជាមន្រ្តីកំពូលទី ៣របស់សហរដ្ឋអាមេរិក ដែលបានបំពេញទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ក្នុងរយៈពេល ១ខែកន្លងមកនេះ ៕
