កីឡាករវាយកូនបាល់ស៊ែប Novak Djokovic ត្រូវបានពិន័យ ៦១១៧ ផោន រឺ ៨០០០ ដុល្លារអាមេរិកពីការបោករ៉ាកែតនឹងបង្គោលសំណាញ់អំឡុងវគ្គផ្តាច់ព្រ័ត្រ Grand Slam, Wimbledon កាលពីថ្ងៃអាទិត្យ។
ហេតុការណ៍នេះកើតឡើងនៅសិតទី ៥ នៃបរាជ័យរបស់គេក្រោមស្នាដៃកីឡាករអេស្ប៉ាញ Carlos Alcaraz ពោលគឺនៅពេលចាញ់សេវារបស់ខ្លួននៅហ្គេមទី ៣ នៃសិតទី ៥។
មន្ត្រីនៅកៅអីអាជ្ញាកណ្តាលលោក Fergus Murphy ក៏បានព្រមាន Djokovic ផងដែរភ្លាមៗនោះ។
ទឹកប្រាក់ដែលត្រូវពិន័យនោះ នឹងត្រូវកាត់ចេញពីប្រាក់រង្វាន់ជើងឯករងរបស់គេតែម្តងដែលមានចំនួន ១.១៧៥ លានផោននោះ។
Novak Djokovic មានអារម្មណ៍ចឹងចិត្តខ្លួនឯងនៅក្នុងសិតចុងក្រោយនោះ បន្ទាប់ពីខូចបាល់ងាយៗ ដែលធ្វើឱ្យ Carlos Alcaraz គ្រប់គ្រងស្ថានការបានទាំងស្រុងយកឈ្នះការប្រកួតដែលមានរយៈពេលជិត ៥ម៉ោង។
នេះជាជើងឯក Grand Slam លើកទី ២ សម្រាប់ Carlos Alcaraz និងជាការខកខានឈ្នះជើងឯករបស់ Djokovic ក្នុងការប៉ុនប៉ងតាមស្មើកំណត់ត្រារបស់ Roger Federer ឈ្នះជើងឯក Wimbledon សរុប ៨ លើក និងខកខានក្លាយជាកីឡាករដែលឈ្នះជើងឯក Grand Slam សរុបច្រើនជាងគេ ២៤លើកផងដែរ៕ អត្ថបទ៖ នាង សុភាវុធ

