ភ្នំពេញ៖ អាជ្ញាធរមីន នៅថ្ងៃទី១៨ ខែកក្កដានេះ បានរៀបចំសន្និសីទសារព័ត៌មានស្តីពីលទ្ធផលការងារបោសសម្អាតមីនអាណត្តិទី៦ និងទិសដៅបន្ដអាណត្តិទី៧ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។
នៅក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តីលី ធុជ បានថ្លែងថា ដើម្បីសម្រេចគោលដៅកម្ពុជាអស់មីននៅឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញដល់អាជ្ញាធរមីនរៀបចំយន្តការ ភូមិអស់មីនជាចំណុចចាប់ផ្តើម បន្ទាប់មកទៅស្រុក និងខេត្ត ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ យើងសម្រេចបានខេត្តចំនួន១២រួចរាល់ហើយ ជាខេត្តអស់មីន។ ក្នុងចំណោមខេត្តទាំង១២នេះ មានខេត្តចំនួន៦ ត្រូវបានអនុវត្តក្នុងគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ដែលក្នុងនោះរួមមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តកំពត។ ហើយតាមការគ្រោងទុកមុនបំណាច់ឆ្នាំ២០២៣នេះ កម្ពុជានឹងប្រកាសខេត្តចំនួន៦ទៀតជាខេត្តអស់មីន សរុបគិតត្រឹមឆ្នាំ២០២៣ ប្រទេសកម្ពុជា នឹងមានខេត្តចំនួន១៨ជាខេត្តអស់មីន ក្នុងចំណោម២៥រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមបន្តថា បើតាមរបាយការណ៍ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះវិញ ការងារបោសសម្អាតមីនសម្រេចបានលទ្ធផលដូចជា៖ ផ្ទៃដីបោសសម្អាតរួចសរុបចំនួនជាង២០០គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនបោសសម្អាតរួចជាង ១០០គីឡូម៉ែត្រក្រឡា, មីនប្រឆាំងមនុស្សចំនួនជាង១ម៉ឺនគ្រាប់, មីនប្រឆាំងមនុស្សរថគ្រោះចំនួន៨៧គ្រាប់, យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង៣ម៉ឺនគ្រាប់ និងប្រជាពលរដ្ឋទទួលផលមានចំនួនជាង១សែនគ្រួសារ។
ក្រៅពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីផ្ទៃដីនៅសល់មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបង្ហាញពីផែនការបោសសម្អាតមីននៅឆ្នាំបន្តបន្ទាប់ទៀតផងដែរ។
បើតាមរបាយការណ៍របស់អាជ្ញាធរមីន បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ ការងារបោសសម្អាតមីន សម្រេចបានលទ្ធផលដូចជា៖ ផ្ទៃដីបោសសម្អាតរួចមានចំនួនជាង ២ពាន់៧រយគីឡូម៉ែត្រក្រឡា, មីនប្រឆាំងមនុស្សមានជាង ១លានគ្រាប់,មីនប្រឆាំងរថគ្រោះចំនួនជាង២ម៉ឺនគ្រាប់, យុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួនជាង ៣លានគ្រាប់ និងប្រជាពលរដ្ឋទទួលបានផលមានចំនួនជាង១១លាននាក់៕ អត្ថបទ៖ទូច សោភ័ណ






