កូរ៉េខាងត្បូង ៖ ការងារស្តារឡើងវិញបានបន្តនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ (១៩ កក្កដា)នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសនេះ ខណៈដែលលោកប្រធានាធិបតី Yoon Suk Yeol បានអំពាវនាវឱ្យមានការកែប្រែប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសកូរ៉េ។
មនុស្សជាង ៤០នាក់បានបាត់បង់ជីវិតក្នុងរយៈពេលតិចជាងមួយសប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំង រួមទាំងមនុស្ស១៤នាក់បានស្លាប់នៅពេលពួកគេបានជាប់ខ្លួនក្នុងទឹកជំនន់នៅផ្លូវក្រោមដីក្នុងទីក្រុង Cheongju បានធ្វើឱ្យមានការសង្ស័យលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការរៀបចំប្រតិបត្តិការសម្រាប់ភ្លៀងធ្លាក់ជាទៀងទាត់និងខ្លាំងប្រចាំឆ្នាំ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ លោក Yoon បានជំរុញឱ្យក្រុមមន្ត្រីប្រមូលធនធានដែលមានទាំងអស់សម្រាប់ការងារស្តារឡើងវិញ ដោយហៅស្ថានភាពបច្ចុប្បន្នថាជា "ភាពអាសន្ន"។
មួយឆ្នាំបន្ទាប់ពីកូរ៉េខាងត្បូងបានប្តេជ្ញាថានឹងបង្កើនការត្រៀមខ្លួនសម្រាប់ឆ្លើយតបនឹងអាកាសធាតុធ្ងន់ធ្ងរដែលជំរុញដោយបម្រែបម្រួលអាកាសធាតុ ក្រុមអ្នកជំនាញនិយាយថាមិនមានការខិតខំប្រឹងប្រែងគ្រប់គ្រាន់ត្រូវបានធ្វើឡើងនោះទេ បើទោះបីជាបរិមាណនៃភ្លៀងធ្លាក់ខ្លាំងដ៏គំហុកត្រូវបានគេរំពឹងថានឹងកើតមានក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះក៏ដោយ៕

