វៀតណាម ៖ ព្យុះទីហ្វុងតាលីម បានចុះខ្សោយកម្លាំងខ្យល់បក់មកត្រឹម ៨៨គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅថ្ងៃអង្គារ (ទី១៨ ខែកក្កដា)នេះ ខណៈដែលខ្យល់ព្យុះនេះ មានចម្ងាយ ៥០គីឡូម៉ែត្រពីទីក្រុងម៉ុង ខាយ (Mong Cai) របស់ប្រទេសវៀតណាម ដែលនៅជាប់ព្រំដែនប្រទេសចិន។ ខ្យល់ព្យុះនេះត្រូវបានគេព្យាករថា នឹងថយកម្លាំងទៅជាព្យុះត្រូពិច ក្នុងរយៈពេល ២-៣ម៉ោងទៀត។
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ជលសាស្ត្រឧតុនិយម (NCHMF) របស់ប្រទេសវៀតណាម បានឲ្យដឹងថា ព្យុះនេះ បានឆ្លងកាត់ឧបទ្វីបឡីចូវ (Leizhou) របស់ប្រទេសចិន នៅវេលាម៉ោង ៣ទៀបភ្លឺ ជាមួយនឹងខ្យល់អតិបរមា ១១៧គីឡូម៉ែត្រ ក្នុងមួយម៉ោង។ បន្ទាប់មក កម្លាំងខ្យល់របស់ព្យុះនេះ បានចុះខ្សោយ នៅពេលដែលវាបានចូលទៅក្នុងដែនទឹកឆ្នេរសមុទ្រនៃខេត្តក្វាងស៊ី (Guangxi) របស់ប្រទេសចិន។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ជលសាស្ត្រឧតុនិយម (NCHMF) បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយ នៅម៉ោង ៨ព្រឹកថា ព្យុះនេះកំពុងធ្វើដំណើរសំដៅទៅភាគខាងជើងប៉ែកពាយព្យ ក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថា នឹងបោកបក់តាមបណ្ដោយព្រំដែនប្រទេសវៀតណាមជាមួយប្រទេសចិន ជាមួយនឹងកម្លាំងខ្យល់ ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។
ត្រឹមម៉ោង ៤រសៀល ព្យុះនេះនឹងខ្សោយកម្លាំង ដោយធ្លាក់ល្បឿនខ្យល់បន្ថែមទៀតដល់ ៥០-៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្លាយជាខ្យល់ត្រូពិច។ ខ្យល់ព្យុះនេះនឹងបក់តម្រង់ឆ្ពោះទៅតំបន់ភ្នំភាគខាងជើងសិន មុននឹងរសាយឥទ្ធិពលរបស់វា នៅថ្ងៃពុធ (ទី១៩ ខែកក្កដា)៕

