ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជាអតីតអនុប្រធានទី១ និងសមាជិកគណៈកម្មាធិការ កណ្ដាលកាកបាទក្រហមកម្ពុជា ដែលទទួលមរណភាពកាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥ម៉១៨នាទីទាបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានប្រគល់ជូនក្រុមគ្រួសារសព នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្ដួលនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង ប្រកបដោយក្តីអាឡោះអាល័យបំផុត ចំពោះមរណភាព ឯកឧត្តម អ៊ុក ដាមរី ដែលជាការបាត់បង់ឧត្ដមស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ស្មើជីវិត ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ បានតស៊ូប្រឹងប្រែង ចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ឱ្យមានអនាគតរុងរឿង និងជាការបាត់បង់នូវឥស្សរជនមួយរូប ដែលបានលះបង់ កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី រួមចំណែកយ៉ាងសកម្ម ជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងក្នុងបុព្វហេតុ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជាកន្លងមក ដើម្បីបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។ ទោះបីរូបកាយរបស់ ឯកឧត្តម បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ នឹងស្ថិតនៅក្នុងក្តីចងចាំរបស់ លោកជំទាវ កូន ចៅ និងញាតិមិត្តទាំងអស់ជានិច្ចនិរន្តរ៍។
ក្នុងនាមប្រធាន និងសហការី កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ុក ដាមរី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទៈ សំ ងីម















