
កសិករនៅរដ្ឋអាសាំ (Assam) ភាគឦសាននៃប្រទេសឥណ្ឌា និយាយថា ពួកគេបានបាត់បង់ផលដំណាំភាគច្រើនដោយសារទឹកជំនន់ ដែលបណ្តាលមកពីការហូរហៀរពីទន្លេ Brahmaputra បន្ទាប់ពីភ្លៀងមូសុងទីពីរបានវាយប្រហាររដ្ឋដែលដាំដំណាំតែនេះ។
ដំណាំខ្លះត្រូវប្រមូលផលមុនអាយុ ខណៈខ្លះទៀតត្រូវលិចក្នុងទឹកជំនន់នៅស្រុក Morigaon ។
យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋអាសាំ បានឱ្យដឹងថា មនុស្សជាង ១០០.០០០នាក់នៅក្នុងស្រុកចំនួន១៦ ត្រូវបានរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ។
បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរនៅរដ្ឋអាសាំ និងតំបន់ Arunachal Pradesh ដែលនៅជិតខាងនោះមក កម្រិតទឹកនៃទន្លេ Dikhou និងទន្លេ Brahmaputra បានឆ្លងផុតកម្រិតគ្រោះថ្នាក់ហើយ។
រដ្ឋបាលនៃរដ្ឋនេះបានបង្កើតជំរំសង្គ្រោះចំនួន ២១ជំរំ និងមជ្ឈមណ្ឌលចែកចាយសង្គ្រោះចំនួន ៦៤មណ្ឌល នៅក្នុងស្រុកនានាដែលរងគ្រោះដោយទឹកជំនន់៕