
ក្រុមប្រជាកសិករនៅរដ្ឋជាច្រើន និយាយថា សង្រ្គាមរវាងភាគីយោធានៅស៊ូដង់ បង្កហានិភ័យដល់ការផលិតផលកសិកម្មនៅក្នុងឆ្នាំនេះ ហើយនិងគំរាមកំហែងធ្វើឲ្យប្រទេសនៅអាហ្វ្រិកមួយនេះ ធ្លាក់កាន់តែជ្រៅទៅក្នុងភាពអត់ឃ្លាន និងភាពក្រីក្រ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាននិយាយទៅកាន់ក្រុមការងារជំនួយដែលរាយការណ៍ពីការពន្យារពេលការដាំដុះ ដូចជាដំណាំពោត ដោយសារតែកង្វះខាតឥណទានពីធនាគារ ហើយនិងតម្លៃខ្ពស់ទំនិញទិញចូលមួយចំនួនដូចជាជីគីមី គ្រាប់ពូជ និងប្រេងឥន្ធនៈ ។
ស្ថានភាពដ៏អាក្រក់សម្រាប់ប្រជាកសិករ បង្ហាញពីការជិតកើតមានវិបត្តិអត់ឃ្លាន ដែលអាចនឹងធ្ងន់ធ្ងរជាងការព្យាករណ៍របស់អង្គការសហប្រជាជាតិ(UN) និងក្រុមការងារផ្តល់ជំនួយ ។
កាលពីខែឧសភាកន្លងទៅ UNបាននិយាយថា ពួកគេបានប៉ាន់ស្មានថា ចំនួនមនុស្សអត់ឃ្លាននៅស៊ូដង់ នឹងកើនឡើងដល់ ១៩,១លាននាក់នៅខែសីហាខាងមុខនេះ ពោលគឺកើនឡើងពីចំនួន ១៦,២លាននាក់ កាលពីមុនសង្រ្គាម ដែលបានផ្ទុះឡើងកាលពីខែមេសា ។
កង្វះខាតទំនិញសំខាន់ៗ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារការលួចនៅតាមឃ្លាំងស្តុកទំនិញក្នុងទីក្រុងនានា ដូចជាទីក្រុង Khartoumនឹងធ្វើឲ្យវិបត្តិអត់ឃ្លានកាន់តែអាក្រក់ជាងមុន ។
យោងតាមតួលេខពីធនាគារកណ្តាល បានឲ្យដឹងថា វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅផងដែរ ហើយនិងធ្វើឲ្យស៊ូដង់គ្មានរូបិយប័ណ្ណបរទេសដែលត្រូវការនាំចូលទំនិញមូលដ្ឋានសំខាន់ៗ ស្របពេលដែលដំណាំកសិកម្មដូចជា ល្ង និងសណ្តែកដី រកបានប្រាក់ចំណូលពីការនាំចេញ ១,៦ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ ។
យោងតាមការអះអាងរបស់អង្គការកសិកម្ម និងស្បៀង(FAO)របស់ UNបានឲ្យដឹងថា ជិត ៦៥ភាគរយនៃចំនួនពលរដ្ឋស៊ូដង់ ៤៩លាននាក់ ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ៕