
ត្រីបាឡែនជាង ៥០ក្បាល បានងាប់នៅស្កុតលែន ក្រោយជាប់កឿងនៅលើឆ្នេរកោះ Lewisដែលជាការជាប់កឿងទ្រង់ទ្រាយធំបំផុតនៅប្រទេសមួយនេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
ក្រុមអាជ្ញាធរ បានប្រាប់ឲ្យដឹងពីឧបទ្ទេវហេតុនេះកាលពីព្រឹកថ្ងៃអាទិត្យ ហើយការព្យាយាមជួយឲ្យត្រីបាឡែនរស់រាប់សិបក្បាលអណ្តែតចូលទឹកវិញ ពុំបានជោគជ័យនោះឡើយ ។
ក្រោយមក ក្រុមជួយសង្រ្គោះ បានទុកឲ្យត្រីបាឡែនដែលជាប់កឿងសេសសល់ងាប់ដោយផ្អែកលើមូលដ្ឋានសុខមាលភាព ។ ត្រីបាឡែនសរុប ៥៥ក្បាល បានងាប់ ហើយក្នុងនោះគេជឿថា ត្រីបាឡែនមួយក្បាលនៅរស់ ។
ក្រុមសម្បុរសធម៌ក្រុមអ្នកមុជទឹកសង្រ្គោះជីវិតសមុទ្រអង់គ្លេស(BDMLR) បាននិយាយថា ត្រីបាឡែនញីមួយក្បាលត្រូវបានរកឃើញថាជិតពង ហើយគេសង្ស័យថា ត្រីបាឡែនទាំងអស់ បានជាប់កឿង ក្រោយពេលដែលត្រីបាឡែនមួយក្បាលជិតពង ។
BDMLRនិយាយថា ត្រីបាឡែន ស្រលាញ់គ្នាវាខ្លាំងណាស់ នៅពេលដែលត្រីបាឡែនមួយក្បាលណាស្ថិតក្នុងស្ថានភាពពិបាក និងជាប់កឿងហើយនោះ គឺពួកវាមកតាមគ្នាមួយហ្វូងតែម្តង ។
ខណៈពេលនោះដែរ គម្រោងជាប់កឿងសត្វសមុទ្រស្កុតលែន (SMASS) បាននិយាយថា ពួកគេនឹងចាប់ផ្តើមពិនិត្យសាកសពត្រីបាឡែនទាំងនេះ ដើម្បីកំណត់ពីមូលហេតុដែលបណ្តាលឲ្យពួកវាជាប់កឿង ។
SMASS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះនៅលើបណ្តាញសង្គម Instagramថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ពួកយើងនឹងយកសំណាក និងធ្វើកោសល្យវិច្ច័យត្រីបាឡែន ដើម្បីប្រមូលទិន្នន័យឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីដឹងកាន់តែច្បាស់ពីសុខភាពរបស់សត្វទាំងនេះ ហើយនិងមូលហេតុដែលបណ្តាលឲ្យពួកវាជាប់កឿង ៕