
ក្រុមមេដឹកនាំអាមេរិកឡាទីន បានអំពាវនាវឲ្យមានការសន្និដ្ឋានរួមលើកិច្ចប្រជុំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ពេលចាប់ផ្តើមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប និងអាមេរិកឡាទីន-តំបន់ការ៉ាអ៊ីប(EU-CELAC) នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ។
ស្របពេលដែលមេដឹកនាំជាង ៥០នាក់មកពីអឺរ៉ុប អាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប បានជួបជុំគ្នានៅក្នុងទីក្រុងព្រុចសែល សហភាពអឺរ៉ុប បានសន្យាវិនិយោគបន្ថែមទៀតនៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប ដែលជាផ្នែកមួយនៃការធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងអន្តរជាតិរបស់ពួកគេ ស្របពេលដែលកើតមានសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែន និងការប្រុងប្រយ័ត្នចំពោះប្រឈមកើនឡើងរបស់ចិន ។
ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez និងប្រធានាធិបតីប្រេស៊ីលលោក Lulaបានអំពាវនាវផងដែរឲ្យពង្រឹងពាណិជ្ជកម្មសេរីរវាងអាមេរិកឡាទីន និងសហភាពអឺរ៉ុប ។
ដោយឡែក សហភាពអឺរ៉ុបចង់ដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានជាប់គាំងជាមួយម៉ិកស៊ិកកាលពីឆ្នាំ ២០១៨ និងជាមួយប្រទេសប្លុកអាមេរិកឡាទីន រួមមានអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយក្រែន កាលពីឆ្នាំ ២០១៩ បើទោះបីជាក្រុមមន្រ្តី ច្រានចោលការរំពឹងទុកថានឹងអាចទម្លុះភាពទាល់ច្រក អំឡុងកិច្ចប្រជុំកំពូលក៏ដោយ ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល EU-CELAC លើកនេះ គឺជាកិច្ចប្រជុំលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ ។ ក្រុមមន្រ្តីសហភាពអឺរ៉ុប បានចាត់ទុកវាជាឱកាសធ្វើឲ្យទំនាក់ទំនងរស់ឡើងវិញដែលមនុស្សជាច្រើន និយាយថា ប្លុកមួយនេះ បានធ្វេសប្រហែសរួចទៅហើយ ៕