កូរ៉េខាងជើង ៖ ទីបញ្ជាការអង្គការសហប្រជាជាតិបាននិយាយថា បុរសជនជាតិអាមេរិកម្នាក់ដែលបានឆ្លងព្រំដែនពីកូរ៉េខាងត្បូងទៅកាន់ប្រទេសកូរ៉េខាងជើងទំនងជាត្រូវបានឃុំខ្លួន។
ស្ថាប័នដែលស្វែងរកការធានាសន្តិសុខនៅឧបទ្វីបកូរ៉េ បានបង្ហោះនៅលើបណ្ដាញសង្គម Twitter នៅថ្ងៃអង្គារនេះថា ពលរដ្ឋអាមេរិករូបនេះធ្វើដំណើរទៅកាន់ភូមិព្រំដែនកូរ៉េ ហើយបានឆ្លងព្រំដែនចូលទៅក្នុងប្រទេសកូរ៉េខាងជើងដោយគ្មានការអនុញ្ញាត។
បញ្ជាការអង្គការសហប្រជាជាតិនិយាយថា បច្ចុប្បន្នបុរសរូបនោះត្រូវបានគេជឿថាកំពុងស្ថិតនៅក្នុងការឃុំឃាំងរបស់កូរ៉េខាងជើង ហើយថាទីបញ្ជាការអង្គការសហប្រជាជាតិកំពុងធ្វើការជាមួយសមភាគីកូរ៉េខាងជើងដើម្បីដោះស្រាយឧប្បត្តិហេតុនេះ។
បុគ្គលរូបនោះបានចូលរួមក្នុងដំណើរទេសចរណ៍ទៅកាន់តំបន់សន្តិសុខរួម ជាភូមិព្រំដែនក្នុងតំបន់គ្មានយោធាខណ្ឌចែកប្រទេសកូរ៉េទាំងពីរ ដែលមានទាហានរបស់ភាគីទាំងពីរយាមកាមទាំងសងខាងនៅទីនោះ៕

