ភ្នំពេញ៖ ឯកឧត្តម អ៊ុក ប្រជា បេក្ខជនបម្រុងតំណាងរាស្រ្តខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ បានបន្តដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជន និងប្រជាពលរដ្ឋនៅឃុំសំរោង និងឃុំស្រង៉ែរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមចំនួន៧៥០នាក់ ដើម្បីបង្រៀនគូសសន្លឹកឆ្នោត ក៏ដូចជាផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះ ឯកឧត្តម អ៊ុក ប្រជា បានរំលឹកថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះកម្ពុជា និងសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជា ពីភ្នក់ភ្លើងសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ ហើយក៏បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ ព្រមទាំងមានការអភិវឌ្ឍ និងមានស្ថិរភាពដូចសព្វថ្ងៃ។ ឯកឧត្តម បានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់ និងជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីឱ្យកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ពោលគឺ ដើម្បីធ្វើឱ្យធ្វើឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីសុខ និងមានជីវភាពរីកចម្រើន និងសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុក ប្រជា បានអំពាវនាវដល់គ្រប់សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ សូមត្រៀមឯកសារពាក់ព័ន្ធឱ្យបានរួចរាល់ ដើម្បីចូលរួមការបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា និងគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕ ដោយ ៖ បូរ៉ាវី






