ភ្នំពេញ៖ អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ បានចុះអនុស្សារណយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ ដើម្បីបង្រៀនជំនាញតាម អនឡាន ដល់យុវជន និងពលរដ្ឋទូទៅ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ក្រោយចប់ពិធីចុះអនុស្សរណៈ កាលពីព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានមានប្រសាសន៍ថា គោលបំណង សំខាន់នៃពិធីនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ គឺដើម្បីរៀបចំការ បណ្តុះបណ្តាល ជំនាញ ឡើងវិញ តាមប្រព័ន្ធ អនឡាញ ដែលប្រព័ន្ធនេះបានអនុវត្តនៅតាមបណ្តាប្រទេសជាង៣០ និងបានបណ្តុះបណ្តាល បានជាង ១លាននាក់ ទៅតាមភាសាខុសៗគ្នា។ ឯកឧត្តមបានបន្តថា ការបណ្តុះបណ្តាលនេះដែរ មិនមែនសម្រាប់ តែបរិបទប្រទេសកម្ពុជានោះទេ គឺសម្រាប់ទៅធ្វើការនៅក្រៅប្រទេសផងដែរព្រោះជំនាញដែលសិក្សាតាមអនឡាញមានរហូតដល់ទៅជាង ១ ៦០០ជំនាញ ដូចជាជំនាញសេវាកម្ម បច្ចេកទេស ជំនាញការថែទាំនិងជំនាញជាច្រើនទៀត។
ឯកឧត្តម សង្ឃឹមថា តាមរយៈការបណ្តុះបណ្តាលនេះ នឹងជួយដល់យុវជន និងពលរដ្ឋទូទៅ អាចបង្កើនសមត្ថភាព ជំនាញបន្ថែមដើម្បីធ្វើយ៉ាងណាឱ្យមុខរបររបស់ពួកគេកាន់តែរីកចម្រើនបន្ថែមទៀត។
តាមលោក ណាសៀត អូស្មាន តំណាងមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ នៅក្នុងពិធី បានឲ្យដឹងថា កម្មវិធីសិក្សាតាម អនឡាញនេះ អ្នកសិក្សាអាចសិក្សាបាន ២៤ម៉ោងលើ២៤ម៉ោងជារៀងរាល់ថ្ងៃ គ្រប់ទីកន្លែង និងមិនមានការកំណត់ ដោយមួយមុខវិជ្ជារៀនក្នុងរយៈពេល៧៥នាទីពេលរៀនចប់ធ្វើតេស្តប្រឡងទទួលបានវិញ្ញាបនបត្រ៕ ដោយ ៖ បូរ៉ាវី




