ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា រំពឹងការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ ដូចប្រភេទកីឡាដទៃដែរ បន្ទាប់ពីមានការគាំទ្រខ្លាំង ក្នុងការប្រកួតពានរង្វាន់សហព័ន្ធ លើកទី២ ឆ្នាំ២០២៣ កាលពីសប្ដាហ៍កន្លងទៅ ។
ការប្រកួតពានរង្វាន់សហព័ន្ធ ដែលរៀបចំរួមគ្នាជាមួយការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះ គឺសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា បានទទួលថវិកាមួយចំនួន ពីគម្រោងរៀបចំជើងឯកកីឡាទាញព្រ័ត្រ មកប្រើប្រាស់សម្រាប់ការរៀបចំ ។
ប៉ុន្ដែដោយសារការប្រកួតកាច់ដៃពានរង្វាន់សហព័ន្ធ មានការចូលរួមច្រើន ត្រឹមរយៈពេលខ្លី សហព័ន្ធនឹងពិចារណារៀបចំការប្រកួតដាច់ដោយឡែកនាឆ្នាំក្រោយ ។ លើសពីនេះ សហព័ន្ធក៏នឹងព្យាយាមចងក្រងជាសមាគម ក៏ដូចជាក្លិបសមាជិក ដើម្បីស្វែងរកការគាំទ្រ និងទទួលស្គាល់សមាជិកភាពពីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។
ដោយឡែកកីឡាករ ណាក់ សុខណា ម្ចាស់មេដាយមាស ១ និងសំរឹទ្ធ ១ ប្រចាំពានសហព័ន្ធ លើកទី២ បានសម្ដែងក្ដីរីករាយ ដែលសហព័ន្ធបានរៀបចំការប្រកួតនេះឡើង តែចង់ឲ្យសហព័ន្ធបង្កើនការប្រកួតកាន់តែច្រើន ដើម្បីផ្ដល់ឱកាសឲ្យកីឡាករចំបាប់កាច់ដៃកម្ពុជាបានចូលរួម ក៏ដូចជាជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះ ស្របពេលខ្លួនក៏មានមហិច្ឆតាចង់វិវឌ្ឍន៍ខ្លួនឆ្ពោះទៅរកការប្រកួតអន្ដរជាតិផងដែរ ។
គួរដឹងថា កីឡាចំបាប់កាច់ដៃកម្ពុជា បានបង្កើតសហព័ន្ធជាផ្លូវការ និងបានការទទួលស្គាល់សមាជិកភាពពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីឆ្នាំ២០១៩ ។ បន្ទាប់មកសហព័ន្ធបានមានសកម្មភាពជាហូរហែរ និងបានបញ្ជូនប្រតិភូ មន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ទៅចូលរួមវគ្គបណ្ដុះបណ្ដាលលក្ខណៈអន្ដរជាតិ និងការប្រកួតអន្ដរជាតិជាច្រើនផងដែរ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត មាស សារិន ជាប្រធានសហព័ន្ធ៕ អត្ថបទ៖ លី ឈុនឡា


