កូឡុំប៊ី៖ បំណាក់ដីនៅកណ្តាលប្រទេសកូឡុំប៊ី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ ស្លាប់ កាលពីព្រឹកថ្ងៃអង្គារ ហើយបានបិទផ្លូវហាយវេមួយ ដែលតភ្ជាប់ពីទីក្រុងបូហ្គោតា (Bogota) ទៅកាន់វាលទំនាបភាគខាងកើតរបស់ប្រទេសនេះ។
លំហូរល្បប់ និងកម្ទេចកម្ទី បានបំផ្លាញផ្ទះជាច្រើនខ្នងក្នុងទីក្រុង Quetame ហើយសាលាក្រុងមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងបូហ្គោតាដែលធ្វើដំណើរដោយជិះរថយន្ត ត្រូវចំណាយពេលមួយម៉ោង។ ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យជន់លិចអូចំនួនបី។

នគរបាល បាននិយាយថា ពួកគេកំពុងស្វែងរកអ្នកបាត់ខ្លួន ដែលអាចកប់នៅក្រោមកម្ទេចកម្ទី។ បំណាក់ដីនេះ ក៏បានបោកបក់ទៅលើកន្លែងគិតលុយមួយ និងបានធ្វើឲ្យបាក់ស្ពានមួយនៅលើផ្លូវហាយវេ Bogota-Villavicencio ដោយបង្ខំឱ្យនគរបាលប្តូរទិសចរាចរណ៍។
ផ្ទះជាច្រើនខ្នងដែលត្រូវរងខូចខាតដោយការបាក់ដីភក់ ត្រូវបានសាងសង់នៅតាមជើងភ្នំនៅជិតទន្លេ។
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនៅលើ Twitter ហើយបានសរសេរថាឧបទ្ទវហេតុនេះ«បង្ហាញថា មានតម្រូវការចាំបាច់»សម្រាប់មន្ត្រីក្នុងតំបន់ក្នុងការរៀបចំផែនការតំបន់ទីក្រុងឲ្យបានហ្មត់ចត់ជាងមុន ដោយទុកកន្លែងទំនេរច្រើននៅជុំវិញផ្លូវទឹក៕
