
ឧត្តរមានជ័យ៖ កម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្តឧត្តរមានជ័យ សហការដឹកនាំកម្លាំងផែននគរបាលព្រហ្មទណ្ឌ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះចាប់ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីរំលោភសម្លាប់លើនារីម្នាក់ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:៤០ នាទី។
ករណីមានប្រជាពលរដ្ឋរាយការណ៍ បានប្រទះឃើញសាកសពអណ្ដែតទឹកនៅចំណុចត្រពាំងតាឌួង ដែលមានចម្ងាយ ១៥០០ម៉ែត្រខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌ និងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះស្រាវជ្រាវសាវតា របស់ជនរងគ្រោះមានឈ្មោះ ងួយ សុណី ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មានមុខរបរជាកសិករ។
ករណីនេះដែរយោងតាមការបំភ្លឺពីឪពុកម្តាយ ជនរងគ្រោះកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នៅវេលាម៉ោង ១២:០០ នាទី ក្មេងស្រីដែលជាជនរងគ្រោះ បានជិះកង់ទៅបេះព្រីងនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ ឪពុកម្តាយ បានរាយការណ៍ប្រាប់មេភូមិ និងអ្នកជិតខាងឲ្យជួយរក រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:៤០នាទី ទើបប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់តែម្តងនៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីមន្ត្រីជំនាញ បានធ្វើកោសល្យវិច័យ និងស្រាវជ្រាវស៊ើបអង្កេត យើងកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ អឿម សារី (ហៅស្រ៊ី) ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា ក្រោយធ្វើការសាកសួររួចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់នារីដែលជាជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះបានយកទៅទម្លាក់ចូលក្នុងអូរមួយកន្លែងចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ម៉ែត្រ។
ករណីនេះ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបន្តបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ផងដែរ៕




