កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជួយខេត្តកំពង់ស្ពឺ បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា មិនដែលអះអាងថា ខ្លួនល្អឥតខ្ចោះនោះទេ តែគណបក្សប្រជាជនកម្ពុជា បាននាំមកវិញនូវការរីកចម្រើន និងតែងនៅជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាកទាំងអស់។ នេះជាការលើកឡើងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិក រស់នៅមូលដ្ឋានរស់នៅក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី ១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជួយខេត្តកំពង់ស្ពឺ បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋរស់នៅក្រុង ឧដុង្គម៉ែជ័យ និងស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺថា គណបក្សប្រជាជនកម្ពុជា មិនដែលអះអាងថាខ្លួនល្អឥតខ្ចោះនោះទេ។ ទោះគណបក្សប្រជាជនកម្ពុជាមិនល្អឥតខ្ចោះក្ដី តែគណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះជីវិតប្រជាពលរដ្ឋ និងជាអ្នកនាំមកនូវការរីកចម្រើន ផ្ដល់សុខសន្តិភាព ភាពសុខសាន្តដល់ប្រជាពលរដ្ឋកម្ពុជា។ លើសពីនេះ គឺគណបក្សប្រជាជនកម្ពុជា តែងនៅជាមួយប្រជាពលរដ្ឋជានិច្ច គ្រប់កាលៈទេសៈទាំងអស់ ហើយក៏ជាគណបក្សដែលប្រជាពលរដ្ឋអាចពឹងពាក់បានគ្រប់ពេលវេលាផងដែរ។
ឯកឧត្តម លើកឡើងដែរថាគ្រប់យ៉ាងដែលប្រជាពលរដ្ឋកម្ពុជា កំពុងទទួលបានក្នុងពេលបច្ចុប្បន្នគឺកើតចេញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតជូនខ្លួនឯង។
ទន្ទឹមនឹងការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី សម្រាប់ប្រជាពលរដ្ឋវិញ ក៏មើលឃើញជាក់ស្ដែងពីកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ពួកគេថាបានរស់រានមានជីវិត ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺដោយសារការជួយពី គណបក្សប្រជាជនកម្ពុជា ការទទួលបានវ៉ាក់សាំងគេចផុតពីគ្រោះថ្នាក់កូវីដ ១៩ ក៏ដោយសារតែគណបក្សប្រជាជនកម្ពុជា។
ពួកគេក៏មើលឃើញដែរថា គណបក្សប្រជាជនពិតជានៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ចពិតប្រាកដមែន ហើយក៏បានធ្វើអោយសង្គមកម្ពុជា ក៏ដូចជានៅតាមមូលដ្ឋានមានការផ្លាស់ប្ដូរកាន់តែប្រសើរឥតឈប់ឈរ។
ខណៈការបោះឆ្នោតកាន់តែខិតចូលមកដល់ ឯកឧត្តម ហ៊ុនម៉ានី ក៏បានក្រើនរម្លឹកទៅពលរដ្ឋអោយត្រៀមរួចរាល់នូវ អត្តសញ្ញាប័ណ្ណ ក៏ដូចជាឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត គូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ដើម្បីអោយសន្លឹកឆ្នោតនោះក្លាយជាសន្លឹកឆ្នោតបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ៕អត្ថបទ.គឹមហុក