
ភ្នំពេញ៖ អ្នកជំនាញហិរញ្ញវត្ថុ មើលឃើញថា នៅក្នុងឆ្នាំ ២០២៣ នេះ ត្បិតការផ្តល់ឥណទាន ឬប្រាក់កម្ចីមិនដំណើរការ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចនឹងកើនឡើងក្នុងរង្វង់ប្រមាណជិត ៤ ភាគរយ វិស័យមីក្រូហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្ន មានសុខភាពល្អប្រសើរ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីកិច្ចប្រតិបត្តិការអាជីវកម្ម និងការផ្តល់ឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ ការផ្តល់ឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជូនអតិថិជន មានផលប័ត្រឥណទានកំណើនកើនក្នុងរង្វង់ប្រមាណ ៤ ភាគរយ បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២។ ចំពោះការកើនឡើងនេះ បង្ហាញឲ្យឃើញថា វិស័យមីក្រូហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្ន មានសុខភាពល្អប្រសើរជាធម្មតា លើកិច្ចដំណើរអាជីវកម្មផ្តល់សេវាហិរញ្ញវត្ថុជាផ្លូវការជូនដល់អតិថិជន។
លោក សុខ វឿន បន្តថា នៅក្នុងបំណាច់ឆ្នាំ ២០២៣ នេះវិញ បើតាមការព្យាករណ៍ អាចនៅកើនឡើងបន្តិច បន្ទួចថែមទៀត តែការកើនឡើងនោះមិនប៉ះពាល់ដល់ប្រតិបត្តិការហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡើយ ពោលគឺវាស្ថិតនៅឆ្ងាយ ពីបន្ទាប់ក្រហមដែលត្រូវប្រកាសអាសន្ន។
យោងតាមរបាយការណ៍ប្រចាំឆមាសទី ១ និងទិសដៅឆមាសទី ២ ឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា ក្នុងនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ប្រាក់កម្ចីឥណទាន ក្នុងរង្វង់ ៨,៨ ពាន់លានដុល្លារ មានអតិថិជន ១,៩ លានគណនី។ ចំណែកនៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទាន មានកំណើនកើនឡើងក្នុងរង្វង់ប្រមាណ ១ ៥០០ លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី