ភ្នំពេញ៖ ឯកឧត្ដម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់បណ្ដាគណបក្សនយោបាយនានា បន្តប្រកាន់ខ្ជាប់ភាពចាស់ទុំក្នុងការធ្វើសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោតដើម្បីឆ្ពោះទៅបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្ដមបានថ្លែងថា រយៈពេលជិត ២០ ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សនយោបាយនានា បានធ្វើសកម្មភាពឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្នាន អំពើហិង្សាណាមួយកើតឡើងឡើយ។
ឯកឧត្ដមបន្តថា រហូតមកដល់ពេលនេះ គ.ជ.ប បាបនអនុវត្តស្របតាមនីតិវិធីច្បាប់ដែលបានចែកដោយធ្វើយ៉ាងណាបម្រើសេវាកម្មបម្រើដល់អ្នកបោះឆ្នោតឱ្យអស់ពីលទ្ធភាព ក្នុងនោះមានដូចជាការរៀបចំបញ្ជាក់ឯកសារបម្រើដល់ការបោះឆ្នោតជាដើម ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីអាចទៅបោះឆ្នោតបាន និងការបោះឆ្នោតដំណើការទៅបានដោយរលូន នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
សូមជម្រាបជូនថាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣នេះ ខណៈប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៩ លាន ៧ សែននាក់នឹងអញ្ជើញទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នៅតាមមណ្ឌលបោះឆ្នោតចំនួន ១២៥ នៅទូទាំង ២៥ រាជធានី-ខេត្តក្នុងប្រទេសសកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា