ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford បានចុះហត្ថលេខាបន្តកិច្ចសន្យានៅជាមួយក្រុមបិសាចក្រហម Manchester United ដល់ឆ្នាំ ២០២៨ អមជាមួយការតម្លើងប្រាក់ឈ្នួលដល់ ៣២៥០០០ ផោនក្នុងមួយសប្តាហ៍។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានបើកការចរចាជាមួយក្លិបមួយរយៈចុងក្រោយនេះ ខណៈដែលកិច្ចសន្យាចាស់របស់គេនឹងអស់សុពលភាពនៅដំណាច់រដូវកាលថ្មីខាងមុខ។
Marcus Rashford មានរដូវកាលដ៏ល្អក្រោមការដឹកនាំរបស់អ្នកចាត់ការហូឡង់ Erik ten Hag រដូវកាលមុន ដែលគេឃើញកីឡាករវ័យ ២៥ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ក្នុងបង្ហាញខ្លួន ៥៦ ប្រកួត។
តាំងពីបង្ហាញខ្លួនឱ្យ Manchester United ដំបូងនៅឆ្នាំ ២០១៦ ទល់នឹង Midtjylland, Rashford ស៊ុតបញ្ចូលទីបាន ១២៣ គ្រាប់ហើយក្នុងចំណោម ៣៥៩ ប្រកួត។
ទំរង់លេងរបស់ Rashford បានឡើងខ្លាំងក្រោយពីបញ្ចប់ World Cup ពោលគឺបានស៊ុតបញ្ចូលទី១០ គ្រាប់ និងស៊ុតបញ្ចូលទីរៀងរាល់ការប្រកួតដែលចូលលេង ដែលរួមមានជួយ Manchester United លើកពាន Carabao Cup និងឈរក្នុងតំណែងលេខ ៤ នៅ Premier League មានមុខនៅ UEFA Champions League រដូវកាលក្រោយ៕ អត្ថបទ៖នាង សុភាវុធ
