ភ្នំពេញ៖ កម្មករកម្មការិនី កំពុងបម្រើការងារតាមរោងចក្រក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ សប្បាយចិត្តចំពោះការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកលើពួកគេ តាម រយៈការផ្ដល់រថយន្តដឹកជញ្ជូនពួកគេទៅបោះឆ្នោត ដែលនឹងជួយកាត់បន្ថយការចំណាយលើមធ្យោបាយ ធ្វើដំណើរទៅមក ។
ក្រុមកម្មករ កម្មការិនី បានលើកឡើងថា ជាការប្រសើរណាស់ ដែលមានការគិតគូរសម្រាប់ពួកគេ ក៏ដូចជាពលរដ្ឋទូទៅដទៃផ្សេងទៀត ក្នុងការសម្រួលដល់ការធ្វើដំណើរទៅចូលរួមបោះឆ្នោត ដើម្បីបំពេញ តួនាទីរបស់ខ្លួនជាពលរដ្ឋល្អ ក៏ដូចជាការបំពេញសិទ្ធិជាម្ចាស់ឆ្នោត ក្នុងការសម្រេចចិត្តជ្រើសរើសថ្នាក់ ដឹកនាំដែលខ្លួនពេញចិត្ត ដើម្បីបន្តដឹកនាំប្រទេសទៅមុខបន្តទៀតផងដែរ ។
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៣៥០គ្រឿង នៅតាមចំណត ចំនួន១០កន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីដឹកជញ្ចូនកម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅទាំងអស់ ទៅកាន់ស្រុកកំណើត ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយប្រើរយៈពេល០៣ថ្ងៃ គឺចាប់ពី ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ៕ អត្ថបទ៖ លីហេង








