
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីសម្រេចផ្អាកជាបណ្ដោះអាសន្នក្រុមខ្លះនៃក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា ហ្កាមែន ខូអិលធីឌី នៅស្រុកសំរោងទង។
ក្នុងសេចក្ដីសម្រេច កាលពីម្សិលមិញនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសម្រេចផ្អាកក្រុមចំនួន៦រួមមានក្រុម១១ ក្រុម១២ ក្រុម១៣ ក្រុម១៤ ក្រុម១៥ និងក្រុម១៦ នៃអគារD របស់ក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា ហ្កាមែន ខូ អិលធីឌី) នៅស្រុកសំរោងទង ដោយសារមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
រដ្ឋបាលខេត្ត បានអំពាវនាវឱ្យកម្មករនិយោជិត ដែលបម្រើការងារតាមក្រុមខាងលើត្រូវចូលរួមទៅផ្ដល់សំណាកកូវីដ-១៩ ជាមួយមន្ដ្រីសុខាភិបាលតាមទីតាំងដែលអាជ្ញាធរបានរៀបចំ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ២២ ៨៨៩នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕