
ខ្សែប្រយុទ្ធក្លិបបាល់ទាត់ Al-Nassr, Cristiano Ronaldo បានបញ្ជាក់ថា លីគបាល់ទាត់ដែលគេកំពុងប្រកបអាជីព គឺលីគបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League មានគុណភាពល្អជាងលីគបាល់ទាត់អាមេរិក Major League Soccer។
ការលើកឡើងបែបនេះ គឺមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី Lionel Messi ផ្លាស់ទៅលេងនៅ Inter Miami ផ្លូវការ។

Messi កន្លងមក បានទទួលសំណើដែលមានតម្លៃដ៏សម្បើមមួយផ្ទេរមកកាន់អារ៉ាប៊ីសាអ៊ូឌីត តែម្ចាស់ជយលាភី World Cup ២០២២ រូបនេះបែជាសំរេចចិត្តផ្លាស់ទៅលេងលីគអាមេរិកជំនួសវិញ។
Ronaldo បាននិយាយថា ត្រឹមរយៈពេលមួយឆ្នាំកីឡាករល្បីៗមកពីអឺរ៉ុបជាច្រើនបានផ្លាស់មកកាន់ទីនេះ ហើយឆ្នាំបន្តបន្ទាប់ទៀត អ្នកទាំងអស់គ្នានឹងឃើញមានកីឡាករពីអឺរ៉ុបផ្លាស់មកមជ្ឈឹមបូព៌ាកាន់តែច្រើន។
អតីតខ្សែប្រយុទ្ធ Real Madrid រូបនេះបន្ថែមទៀតថា គេនឹងមិនវិលទៅអឺរ៉ុបវិញឡើយ ជាក់ស្តែងលីគបាល់ទាត់នៅអឺរ៉ុបកំពុងធ្លាក់ចុះ លើកលែងតែ Premier League មួយដែលតែងតែឈានមុខគេជានិច្ច។

Cristiano Ronaldo បានចុះហត្ថលេខា ២ ឆ្នាំលេងឱ្យ Al-Nassr ក្រោយចាកចេញពី Manchester United ពេញដោយរឿងចម្រូងចម្រាស។
បន្ទាប់ពីការមកដល់របស់ Ronaldo គេសង្កេតឃើញមានការផ្ទេរជាច្រើនទៀតពីអឺរ៉ុបមកកាន់អារ៉ាប៊ីសាអ៊ូឌីតដូចជា Karim Benzema, N’Golo Kante, Kalidou Koulibaly, Edouard Mendy និង Roberto Firmino ជាដើម៕ អត្ថបទ៖នាង សុភាវុធ
