ទួរគី៖ ប្រធានាធិបតីទួរគី លោក រ៉េសិប តៃយីប អ៊ើដូហ្គែន (Recep Tayyip Erdogan) បានធ្វើដំណើរទៅដល់ទីក្រុងដូហា (Doha) ប្រទេសកាតាហើយ កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ដែលនេះជាកន្លែងឈប់សំចតទី២ នៃដំណើរទស្សនកិច្ច នៅរដ្ឋឈូងសមុទ្ររបស់លោក បន្ទាប់ពីឈប់សំចតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនៅទីនោះ លោកបានចុះកិច្ចព្រមព្រៀងផ្តល់យានដ្រូនដល់ព្រះរាជាណាចក្រមួយនេះ។
នាពេលនេះ លោក អ៊ើដូហ្គែន ដែលបានឈ្នះអាណត្តិ ៥ឆ្នាំម្ដងទៀត ក្នុងការបោះឆ្នោត កាលពីខែឧសភា កំពុងស្វែងរកការគាំទ្រ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសទួរគីដែលកំពុងធ្លាក់ចុះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកាតា បានឲ្យដឹងថា មេដឹកនាំទួរគី បានធ្វើដំណើរទៅដល់ នៅល្ងាចថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ជាមួយនឹងភរិយារបស់លោក លោកស្រី Emine Erdogan នៅក្នុងរដ្ឋធានីនៃសម្ព័ន្ធមិត្តសំខាន់របស់កាតា មុននឹងមានជំនួបជាមួយមេដឹកនាំ លោក Tamim bin Hamad Al-Thani។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអ៊ូឌីត ( SPA) បានរាយការណ៍ថា បន្ទាប់ពីមានជំនួប រវាងលោក អេរដូហ្គែន (Erdogan) និងរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman នៅកំពង់ផែសមុទ្រក្រហម Jeddah កាលពីថ្ងៃចន្ទ (ទី១៧ ខែកក្កដា) ការឈប់សំចតនៅឯប្រទេសអារ៉ាប៊ីសាអ៊ូឌីតនេះ បានឃើញថា កិច្ចព្រមព្រៀងជាច្រើន ត្រូវបានចុះហត្ថលេខា ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងយានដ្រូនជាមួយក្រុមហ៊ុនឯកជន Baykar ផងដែរ។
SPA បានរាយការណ៍បន្ថែមទៀតថា បន្ទាប់ពីបានចូលរួមវេទិកាធុរកិច្ចអារ៉ាប៊ីសាអ៊ូឌីត-ទួរគី នៅទីក្រុង Jeddah នាថ្ងៃចន្ទនោះ លោក អ៊ើដូហ្គែន (Erdogan) និងព្រះអង្គម្ចាស់ Mohammed បានពិភាក្សាអំពី«ទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា» ក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំទាំងពីរដែលបន្ទាប់មកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យថាមពល ការវិនិយោគផ្ទាល់ វិស័យការពារជាតិ និងប្រព័ន្ធផ្សព្វផ្សាយ៕


