ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស ក្រោយមកមានបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោតជាដើម។
សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញតេឡេក្រាម និងធ្វីតធឺផ្លូវការណ៍ថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន ១៨ គណបក្សដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិ ក៏នៅមានការប្រកួតប្រជែងរវាង ១៨ គណបក្សដែលចូលរួមការបោះឆ្នោត ជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញចោលការបោះឆ្នោតនៅកម្ពុជាផងដែរ។
សម្ដេចតេជោ បញ្ជាក់ថា៖«ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស ក្រោយមកមានបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោតជាដើម»។
សម្ដេចតេជោ បានចោទជាសំណួរថា តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោតមានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា៕ អត្ថបទ៖ វ៉ន ដារ៉ា
