អ៊ុយក្រែន៖ អភិបាលតំបន់ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានជាប់រវល់យ៉ាងខ្លាំង ក្នុងរយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃពុធ ដើម្បីទប់ទល់ និងកម្ទេចការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីលើកំពង់ផែភាគខាងត្បូងនៃទីក្រុង Odesa សម្រាប់យប់ទីពីរជាប់ៗគ្នា។
ប្រទេសរុស្ស៊ីបានចាប់ផ្ដើមវាយប្រហារកំពង់ផែរបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) មួយថ្ងៃបន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅប្រកបដោយសុវត្ថិភាព ដោយការសម្រេចចិត្តនេះ បានបង្កើនការបារម្ភជាចម្បង នៅទ្វីបអាហ្រ្វិក និងអាស៊ីពីការឡើងថ្លៃតម្លៃស្បៀងអាហារ និងពីការកើនឡើងនូវភាពអត់ឃ្លាន។
អភិបាលក្រុង Odesa លោក Oleh Kiper បាននិយាយនៅលើកម្មវិធីផ្ញើសារនៃបណ្ដាញសង្គម Telegram ថា៖ «កុំចូលទៅជិតបង្អួច កុំបាញ់ ឬបង្ហាញពីការងាររបស់កងកម្លាំងការពារដែនអាកាសឲ្យសោះ»។
ភាគខាងកើតទាំងអស់របស់ប្រទេសអ៊ុយក្រែន ត្រូវបានប្រកាសព្រមានអំពីការវាយឆ្មក់តាមអាកាស ដោយចាប់ផ្តើមភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធ។ ក្នុងរបាយការណ៍សមរភូមិផ្សេងទៀត ទីក្រុងម៉ូស្គូ និងទីក្រុងគីវ បានផ្តល់ព័ត៌មានផ្សេងគ្នាយ៉ាងច្រើននៃការប្រយុទ្ធគ្នា នៅភាគឦសានអ៊ុយក្រែន កាលពីថ្ងៃអង្គារ។
៦សប្តាហ៍ ចាប់តាំងពីអ៊ុយក្រែនចាប់ផ្តើមបើកការវាយបក នៅភាគខាងកើត និងខាងត្បូង រុស្ស៊ីកំពុងបង្កើនការវាយលុកផ្នែកថ្មើរជើង នៅភាគឦសាន ហើយជាមួយគ្នានេះ ទីក្រុងមូស្គូនិយាយថា ការវាយលុករបស់អ៊ុយក្រែន បានបរាជ័យ៕


