អាមេរិក៖ សហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងស្ថានភាពអាកាសធាតុខុសពីធម្មតា រាប់ចាប់តាំងពីព្យុះត្រូពិច នៅរដ្ឋហាវ៉ៃ រហូតដល់ការឡើងកម្ដៅក្ដៅបំផុតទូទាំងរដ្ឋនៅតំបន់ Sun Belt និងគុណភាពខ្យល់មិនល្អ នៅក្នុងតំបន់ជាច្រើន ខណៈដែលផ្សែងពីចំហេះព្រៃរបស់ប្រទេសកាណាដា បានបក់មកពាសពេញតំបន់ព្រំដែន។
ខណៈដែលសហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសបញ្ចេញផ្សែងពុលធំជាងគេបំផុតរបស់ពិភពលោក បានព្យាយាមឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយការបញ្ចេញកាបូន ជនជាតិអាមេរិកបានជួបប្រទះនឹងរូបភាពផ្សេងៗនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដែលអ្នកវិទ្យាសាស្ត្រនិយាយថា ទំនងជាក្លាយជារឿងធម្មតា ក្រោមការប្រែប្រួលអាកាសធាតុដែលជំរុញដោយឥន្ធនៈហ្វូស៊ីល។

កម្ដៅក្ដៅខ្លាំង ដែលបន្តមាននៅភាគខាងត្បូង និងភាគខាងលិចនៃសហរដ្ឋអាមេរិក កំពុងធ្វើឲ្យប្រជាជនអាមេរិករាប់សិបលាននាក់នៅក្រោមការផ្ដល់ប្រឹក្សាអំពីការឡើងក្ដៅខ្លាំងនេះ។ នៅទីក្រុង Phoenix រដ្ឋអារីហ្សូណា (Arizona) កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) កម្ដៅបានឡើងលើសពី ៤៣អង្សាសេ ដែលមានរយៈពេលថ្ងៃទី១៩ថ្ងៃជាប់ៗគ្នា ដោយហួសពីកម្រិតបែបនេះ កាលពីមុន រយៈពេល១៨ថ្ងៃ ជាប់ៗគ្នា។
កន្លែងក្តៅបំផុតនៅសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ត្រូវបានគេរំពឹងថា មាននៅជ្រលងមរណៈ (Death Valley) របស់រដ្ឋកាលីហ្វ័រញ៉ា ដែលសីតុណ្ហភាពនៅឯមជ្ឈមណ្ឌលអ្នកទេសចរ ក្នុងឧទ្យានជាតិ Death Valley ត្រូវបានគេរំពឹងថា នឹងឡើងដល់ ៥០អង្សាសេ។

ជាមួយគ្នានេះ បើយោងតាមគេហទំព័រ AirNow.gov ដែលតាមដានការបង្កកង្វក់ បានឲ្យដឹងថា ផ្សែងពីចំហេះព្រៃនៅប្រទេសកាណាដា បានហោះអណ្តែតពាសពេញសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានគុណភាពខ្យល់មិនល្អ នាថ្ងៃអង្គារនោះ នៅតំបន់ឆ្ងាយៗ ដូចជាឧទ្យានជាតិ Yosemite ជាដើម។
ចំណែកកោះដ៏ធំ (Big Island ) របស់រដ្ឋហាវៃ (Hawaii) ឯណោះវិញ សេវាអាកាសធាតុជាតិ (NWS) បានឲ្យដឹងថា កោះធំនេះបានស្ថិតនៅក្រោមការព្រមានអំពីព្យុះត្រូពិច កាលពីព្រឹកថ្ងៃអង្គារ ខណៈដែលកោះនេះត្រៀមប្រឈមជាមួយព្យុះត្រូពិច Calvin ដែលរំពឹងថា នឹងនាំឲ្យមានភ្លៀងធ្លាក់កម្រិត ៨អ៊ីញ (ជាង ២០សង់ទីម៉ែត្រ) និងល្បឿនខ្យល់បក់ខ្លាំង ៤០ម៉ាយល៍ (ជាង ៦៤គីឡូម៉ែត្រ) ក្នុងមួយម៉ោង។
លើសពីនេះទៀត នៅចម្ងាយជិត ៥.០០០ម៉ាយល៍ (ជាង៨.០០០គីឡូម៉ែត្រ) ពីភាគឦសាន ក្នុងរដ្ឋ Vermont ការតាមដានទឹកជំនន់ បានប្រព្រឹត្តទៅ សម្រាប់ផ្នែកខ្លះនៅភាគកណ្តាលរបស់រដ្ឋ ក្នុងនោះរួមទាំងរដ្ឋធានី Montpelier ដែលត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន៕
