ភ្នំពេញ៖ កម្មករ-កម្មការិនី បម្រើការងារនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាននិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងបន្តបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ឱ្យដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧ទៀត ។
ក្រុមកម្មករ កម្មការិនី នៅថ្ងៃទី១៩ ខែកក្កដានេះបានប្រាប់BTVថា ពួកគេបន្តការគាំទ្រគណបក្ស ប្រជាជនកម្ពុជា ព្រោះថា គណបក្សនេះមានស្នាដៃជាច្រើន ក្នុងកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើន ជាពិសេសក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែក ដែលរាជរដ្ឋាភិបាល មានគោលនយោបាយទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើតរោងចក្រជាច្រើននៅទូទាំងប្រទេស និងផ្តល់ ការងារជូនប្រជាពលរដ្ឋ។
កម្មករ កម្មការិនី បានលើកឡើងពីអត្ថប្រយោជន៍ផ្សេងៗ ដែលពួកគេទទួលបានពីការងាររោងចក្រ ក្រោមការជួយគិតគូររបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ។
បើតាមកម្មវិធីនយោបាយសម្រាប់កសាង និងការពារមាតុភូមិ (ឆ្នាំ២០២៣-២០២៨) របស់ គណបក្សប្រជាជនកម្ពុជា ត្រង់ចំណុច ការអភិវឌ្ឍការងារ និងប្រព័ន្ធគាំពារសង្គម បានបង្ហាញពីសារនយោបាយពាក់ព័ន្ធនឹងកម្មករនិយោជិត ដូចជា៖ បន្តអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបប និងការងារ ដើម្បីរក្សាការងារ បង្កើតការងារ បង្កើនឱកាសទទួលបានការងារសមរម្យ/ផលិតភាពខ្ពស់ជូនប្រជាពលរដ្ឋ និងធានាភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍជំនាញជាប្រចាំ ។ បន្តលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិត តាមរយៈការបន្តដំឡើងប្រាក់ឈ្នូល អប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ, ការពិនិត្យលទ្ធភាពពង្រីកវិសាលភាពប្រាក់ឈ្នូលអប្បបរមា ទៅវិស័យផ្សេងៗ, ការបន្តជួយសម្រាលបន្ទុកចំណាយរបស់កម្មករនិយោជិត ដោយបន្តពង្រីកការតបណ្តាញ អគ្គិសនី និងទឹកស្អាតក្នុងតម្លៃសមរម្យជូនកម្មករនិយោជិតនៅតាមផ្ទះជួល និងជំរុញអនុវត្តច្បាប់ ស្តីពីភតិសន្យាពិសេស ។ បន្តលើកលែងពន្ធលើប្រាក់អត្ថប្រយោជន៍បន្ថែមរបស់កម្មករនិយោជិត និងកែ សម្រួលកម្រិតប្រាក់បៀវត្សរ៍អប្បបរមាត្រូវជាប់ពន្ធ និងការធានាការបើកប្រាក់ឈ្នួល២ដងក្នុងមួយខែ ព្រម ទាំងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ រៀងរាល់៦ខែម្តង និងពង្រឹងការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ