UN៖អង្គការសហប្រជាជាតិ(UN)និយាយកាលពីថ្ងៃអង្គារថា មាននូវគំនិតជាច្រើនបានលេចចេញឡើងដើម្បីជួយឲ្យគ្រាប់ធុញ្ញជាតិអ៊ុយក្រែន និងរុស្ស៊ី ហើយនិងជីគីមីរុស្ស៊ី ទៅកាន់ទីផ្សារសកលលោក ក្រោយទីក្រុងម៉ូស្គូ ឈប់ទទួលយកកិច្ចព្រមព្រៀងអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធុញ្ញជាតិអ៊ុយក្រែនដោយសុវត្ថិភាពចេញពីកំពង់ផែសមុទ្រខ្មៅ ។
កិច្ចព្រមព្រៀងសមុទ្រខ្មៅនេះ ត្រូវបានរៀបចំឡើងដោយ UN និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំមុន ដើម្បីប្រយុទ្ធប្រឆំាងនឹងវិបត្តិស្បៀងអាហារពិភពលោក បង្កឡើងដោយសារការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ។ អ៊ុយក្រែន និងរុស្ស៊ី ស្ថិតនៅក្នុងចំណោមប្រទេសនាំចេញគ្រាប់ធុញ្ញជាតិធំៗបំផុតរបស់ពិភពលោក ។

ការដកខ្លួនចេញពីកិច្ចព្រមព្រៀងរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ដែលរួមទាំងការដកចេញការធានាចំពោះការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាពនោះ បានបញ្ចប់ផងដែរនូវកិច្ចព្រមព្រៀងរវាង UN និងទីក្រុងម៉ូស្គូ ដែលក្រុមមន្រ្តី UNបានយល់ព្រមជួយនាំចេញជីគីមី និងស្បៀងអាហាររុស្ស៊ីទៅកាន់ទីផ្សារពិភពលោក ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric និយាយថា ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការ UNលោក Antonio Guterresនឹងបន្តស្វែងរកវិធីដែលមានលទ្ធភាពទាំងអស់ ដើម្បីធានាបានថា គ្រាប់ធុញ្ញជាតិអ៊ុយក្រែន គ្រាប់ធុញ្ញជាតិរុស្ស៊ី ជីគីមីរុស្ស៊ី អាចនាំចេញទៅកាន់ទីផ្សារពិភពលោកបាន ។
លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានដោយពុំបានផ្តល់សេចក្តីលម្អិតថា មាននូវគំនិតច្រើនណាស់បានលេចចេញ ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និយាយថា ជម្រើសផ្សេងទៀតចំពោះកិច្ចព្រមព្រៀងគ្រាប់ធុញ្ញជាតិសមុទ្រខ្មៅ ត្រូវតែរកឲ្យឃើញ ហើយបច្ចុប្បន្នមាននូវការជជែកពិភាក្សាយ៉ាងសកម្មបំផុត ។
លោកបន្តថា ការនាំចេញគ្រាប់ធុញ្ញជាតិអ៊ុយក្រែនឆ្លងកាត់អឺរ៉ុបមិនអាចទូទាត់ជាមួយការចែកចាយពីកំពង់ផែអ៊ុយក្រែននៅសមុទ្រខ្មៅបាននោះទេ ៕
