ឥណ្ឌា៖ គណបក្សប្រឆាំងជាង ២០គណបក្ស បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេចាប់ដៃគ្នាបង្កើតក្រុមសម្ព័ន្ធមិត្ត 'I.N.D.I.A.' ដើម្បីតតាំងជាមួយគណបក្សកាន់អំណាច Bharatiya Janata(BJP) របស់លោកនាយករដ្ឋមន្រ្តី Narendra Modi នៅការបោះឆ្នោតសភាឆ្នាំក្រោយ ខណៈដែលលោក Modiបានចាត់ទុកពួកគេថាជាក្រុមជនឱកាសនិយម ។
ការដាក់ឈ្មោះក្រុមសម្ព័ន្ធមិត្ត 'I.N.D.I.A.' ត្រូវបានគេមើលឃើញថាជាការព្យាយាមមួយដោយគណបក្សប្រឆំាង ដើម្បីប្រកួតប្រជែងជាមួយគណបក្ស BJP នៅការបោះឆ្នោតសកល ដែលគ្រោងនឹងរៀបចំឡើងនៅខែឧសភា ឆ្នាំ ២០២៤ ខាងមុខ ។
លោក Mallikarjun Khargeគឺជាប្រធានគណបក្សប្រឆាំងសភា និយាយថា ពាក្យ'I.N.D.I.A.' តំណាងឲ្យពាក្យ"Indian National Developmental Inclusive Alliance" ដែលមានន័យថា “សម្ព័ន្ធភាពរួមបញ្ចូលការអភិវឌ្ឍន៍ជាតិឥណ្ឌា” ។
ជំនួបនៅទីក្រុង Bengaluru របស់គណបក្សប្រឆាំង គឺជាជំនួបលើកទី ២របស់ពួកគេ ក្នុងរយៈពេល ១ខែ ដើម្បីធ្វើឲ្យលែងមានការខ្វែងគំនិតគ្នា ហើយនិងបង្កើតវេតិការួម មុនការបោះឆ្នោតឆ្នាំក្រោយ ដែលគណបក្ស BJP នៅតែមានប្រៀបក្នុងឈ្នះការបោះឆ្នោត ។
ជំនួបលើកដំបូងកាលពីខែមុន មានគណបក្សចំនួន ១៥ បានយល់ព្រមរួបរួមគ្នាប្រឆាំងនឹងគណបក្ស BJP ។
គណបក្សប្រឆាំងដែលភាគច្រើននៃពួកគេ គឺជាគូប្រជែងក្នុងតំបន់ ហើយត្រូវបានបំបែកនៅថ្នាក់ជាតិនោះ ស្មើនឹងតិចជាពាក់កណ្តាលនៃ ៣០១អាសនៈ ដែលគណបក្ស BJPមាននៅក្នុងរដ្ឋសភាមាន ៥៤២អាសនៈ ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានព្យាយាមបំបាត់ការខ្វែងគំនិតគ្នារបស់ពួកគេ ដើម្បីប្រកួតប្រជែងជាមួយគណបក្ស BJP ក្រោយមេដឹកនាំគណបក្សសភាលោក Rahul Gandhi ត្រូវបានគេកាត់ទោសពីបទបរិហាកេរ្តិ៍ ហើយនិងត្រូវជម្រុះពីសភា កាលពីខែមីនាកន្លងទៅ ៕



