ថៃ៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានយល់ព្រមព្យួរតំណែងមេដឹកនាំគណបក្សបោះជំហានទៅមុខ (Move Forward) លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ជាបេក្ខជននាយករដ្ឋមន្ត្រី ពីតួនាទីសមាជិកសភា ដោយរង់ចាំការសម្រេចរបស់តុលាការ ថាតើលោកបានបំពានច្បាប់បោះឆ្នោតឬយ៉ាងណា។

ការប្រកាសរបស់តុលាការបានធ្វើឡើងនៅកៀកពេលវេលាបោះឆ្នោតលើកទីពីរក្នុងសភា ដែលត្រូវបញ្ជាក់ថាលោក ភីថា អាចក្លាយជានាយករដ្ឋមន្ត្រីឬក៏អត់។ គណបក្សរបស់លោក ភីថា បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតទូទៅកាលពីខែឧសភា ហើយបានប្រមូលផ្តុំក្រុមចម្រុះចំនួន៨គណបក្សបន្ថែមទៀត ដោយលោកទទួលបានអាសនៈចំនួន៣១២ នៅក្នុងសភាតំណាងរាស្រ្ត។
ទោះជាយ៉ាងណាក៏ដោយ ក្រុមចម្រុះមិនបានទទួលការគាំទ្រគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតលើកដំបូងកាលពីសប្តាហ៍មុនពីព្រឹទ្ធសភា ដែលបោះឆ្នោតរួមគ្នាជាមួយសភាជាន់ទាបដើម្បីដាក់ឈ្មោះលោកជានាយករដ្ឋមន្ត្រីថ្មីនោះទេ។ ការប្រកាសរបស់តុលាការនៅតែអនុញ្ញាតឱ្យមានការតែងតាំង និងជ្រើសរើសលោក ភីថា ជានាយករដ្ឋមន្ត្រី រហូតដល់មានការសម្រេចចុងក្រោយពីតុលាការ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋរបស់ប្រទេសថៃបានបញ្ជូនសំណុំរឿងរបស់លោក ភីថា ទៅកាន់តុលាការដោយនិយាយថា មានភស្តុតាងដែលបញ្ជាក់ថាលោក ភីថា បានបំពានច្បាប់បោះឆ្នោត ជុំវិញការចោទប្រកាន់ថាលោក ភីថា ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលរឿងនេះត្រូវបានហាមឃាត់សម្រាប់សមាជិកសភាទាំងអស់៕
