ឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារ (១៨ កក្កដា) ថា សមាជិកក្រុមប្រទេសទាំង២០ (G20) ជាច្រើនបានថ្កោលទោសរុស្ស៊ីដែលបោះបង់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពពីអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman បានប្រាប់អ្នកយកព័ត៌មានថា "សមាជិកជាច្រើនបានថ្កោលទោសរុស្ស៊ី ដោយនិយាយថា រឿងនោះមិនគួរកើតឡើងទេ ការឆ្លងកាត់សមុទ្រខ្មៅ មិនគួរត្រូវបានបញ្ឈប់ ឬផ្អាកនោះទេ" ។
កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិបានផុតកំណត់កាលពីថ្ងៃចន្ទ (១៧ កក្កដា) បន្ទាប់ពីប្រទេសរុស្ស៊ីបានសម្រេចមិនបន្តកិច្ចព្រមព្រៀង ក្រោយការព្រមានថា ខ្លួនមិនអាចធានាសុវត្ថិភាពនៃនាវាបានទេ ហើយអង្គការសហប្រជាជាតិបាននិយាយថាសកម្មភាពនេះនឹង "ប៉ះពាល់ដល់មនុស្សដែលត្រូវការជំនួយគ្រប់ទីកន្លែង" ។
ប្រទេសលោកខាងលិចភាគច្រើន រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានជំរុញឱ្យមានការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះរុស្ស៊ី និងសង្រ្គាមនៅអ៊ុយក្រែន ចំណែករុស្ស៊ី និងសម្ព័ន្ធមិត្តចិនបានជំទាស់នឹងទង្វើបែបនោះ៕
