កណ្ដាល៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការឃោសនាបោះឆ្នោត និងការត្រៀមហែក្បួនបិទយុទ្ធនាការឃោសបោះឆ្នោត ។
អង្គប្រជុំបានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីសភាពការណ៍ និងលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តាឃុំទាំង ៧ ក្នុងមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានប្រព្រឹត្តទៅដោយរលូន, មានសន្តិសុខ, សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ ព្រមទាំងគ្មានអំពើហិង្សា។
អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់, សកម្មជន និងយុវជនទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ និងប្រកៀកស្មាស្រុះដៃគ្នាល្អ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ពិសេសការផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់គណបក្ស, ការចុះជួបសមាជិកតាមខ្នងផ្ទះ និងតាមមណ្ឌលសកម្មភាពបក្ស និងការពិនិត្យឯកសារបោះឆ្នោត ព្រមទាំងការបង្រៀនគូសសន្លឹកឆ្នោត ក៏ដូចជាការចូលរួមក្នុងសកម្មភាព មនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតផ្នែកជីវភាព និងជនចាស់ជរាគ្មានទីពឹងជាដើម។
ជារួម អង្គប្រជុំបានធ្វើការវាយតម្លៃថា គណបក្សប្រជាជនកម្ពុជានៅតែបន្តនាំមុខ ហើយកាន់តែទទួលបាននូវការគាំទ្រពីប្រជាជនច្រើនជាលំដាប់ ដែលឆ្លុះបញ្ចាំងតាមរយៈចរន្តនៃការសុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ពីសំណាក់អ្នកគាំទ្រ និងសកម្មជនគណបក្សដទៃ ហើយពិសេសគឺ ការស្រលាញ់ពេញចិត្ត និងការគាំទ្ររបស់ប្រជាជនដ៏ច្រើនលើសលប់ ចំពោះសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណេត ជាបេក្ខភាពបន្តវេននាពេលអនាគត។
អង្គប្រជុំក៏បានធ្វើការពិនិត្យ និងពិភាក្សាផងដែរ លើការរៀបចំផែនការហែក្បួនបិទយុទ្ធនាការ ឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តិទៅដោយរលូន, មាន សណ្តាប់ធ្នាប់របៀបរៀបរយល្អ, ប្រសិទ្ធភាព និងជៀសវាងឱ្យបាននូវការប៉ះពាល់នានា ស្របតាម បទបញ្ញាត្តិ, នីតិវិធី និងការណែនាំរបស់ គ.ជ.ប. ដើម្បីបង្ហាញពីភាពខ្លាំង, ភាពថ្លៃថ្នូ និងភាពចាស់ទុំ ឱ្យ ស័ក្កិសម ជាគណបក្សដែលធំជាងគេ និងមានប្រៀបឈ្នះជាងគេ។
អង្គប្រជុំក៏បាន គិតគូរយកចិត្តទុកដាក់ផងដែរ ទៅដល់ការថែរក្សាសុខភាព និងសុវត្ថិភាពជូនបងប្អូនទាំងអស់ ដែលបានចូលរួម នៅក្នុង ការហែក្បួន ឃោសនា បោះឆ្នោត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារ និងសកម្មជនគណបក្សត្រូវបន្តរក្សាឱ្យបានូវចលនការជាប្រក្រតី និង បរិយាកាសល្អប្រសើរនៃដំណើរការបោះឆ្នោត នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ហើយត្រូវបន្តស្វែងរកសំឡេងគាំទ្រជូនគណបក្សឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន តែត្រូវគោរពច្បាប់, បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គជប ។
ទន្ទឹមនេះ ត្រូវបន្តសកម្មភាពចុះជួបសមាជិកតាមខ្នងផ្ទះ, ការពិនិត្យឯកសារបោះឆ្នោត, ការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (IR) និងការង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវតាមការកំណត់របស់ គ.ជ.ប ព្រមទាំងត្រូវការធ្វើចលនាជំរុញប្រជាពលរដ្ឋទូទៅ ពិសេសសមាជិកគណបក្សទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពោលគឺសំដៅធានាឱ្យបានថា សមាជិកម្នាក់ សំឡេងគាំទ្រមួយសន្លឹក។
ជាមួយនេះ ក៏ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ឱ្យខាងតែបាន ចំពោះក្រុមជនទុច្ចរិត ដែលទៅ ណែនាំ ប្រជាជនឱ្យគូសសន្លឹកឆ្នោតខុស និងត្រូវត្រៀមលក្ខណៈទប់ស្កាត់គ្រប់រូបភាពនូវសកម្មភាពទាំងឡាយណា ដែលមានបំណងចង់បំផ្លាញការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត។
ឯកឧត្តម វង្សី វិស្សុត ក៏មានប្រសាសន៍រំលឹកដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ថា ទោះបីពេលនេះយើងកំពុងជាប់ដៃជាមួយនឹងយុទ្ធនាការឃោសនាបោះឆ្នោតក្តី តែយើងមិនត្រូវភ្លេចបម្រើប្រជាជន ពិសេសការផ្តល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរ, តម្រូវការ និងបញ្ហាលំបាកផ្សេងៗរបស់ប្រជាជន ដោយមិនត្រូវព្រងើយកន្តើយឡើយ៕