ហុងគ្រី៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហុងគ្រី បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហុងគ្រីប្រឆាំងនឹងការចែកចាយសព្វាវុធណាមួយដល់អ៊ុយក្រែន ហើយជាពិសេសប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោម ដោយបានបន្ថែមថា ដំណោះស្រាយត្រូវតែដើរមករកតុចរចា មិនមែននៅលើសមរភូមិនោះទេ។
លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានគូសបញ្ជាក់អំពីទស្សនៈរបស់ប្រទេសលោកចំពោះវិបត្តិអ៊ុយក្រែននៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។
សហរដ្ឋអាមេរិកបានប្រកាសកាលពីដើមខែកក្កដាថា គ្រាប់បែកចង្កោមនឹងជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនមានតម្លៃ ៨០០លានដុល្លារអាមេរិក ដែលជាការសម្រេចមួយបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងនៅទូទាំងពិភពលោក។
លោក Szijjarto បាននិយាយថា សព្វាវុធកាន់តែច្រើនត្រូវបានបញ្ជូនទៅអ៊ុយក្រែន នោះជម្លោះនឹងកាន់តែយូរ ហើយចំនួនអ្នកស្លាប់ និងរបួសកាន់តែកើនឡើង។
លោកបានសង្កត់ធ្ងន់ថា គួរតែមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីនាំមកនូវបទឈប់បាញ់ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយវិបត្តិតាមរយៈការចរចា មិនមែនតាមរយៈការប្រយុទ្ធគ្នានោះទេ៕

